មហាចោរ ៥ ពួក
ត្រេកអរក្នុងការដេកលក់តាមសប្បាយ និងដោយភាពជាអ្នកត្រេកអរក្នុងការច្រឡូក ច្រឡំដោយពួកគណៈ ទើបដល់នូវភាពសោភាតាមសរីរៈនេះ មាន ចំណែកប្រៀបដូចពាឡម្រឹគយង់ឃ្នង ដូច្នេះឯង ។ បទថា វគ្គុមុទាតីរិយា បានដល់ ពួកភិក្ខុដែលនៅ អាស្រ័យត្រង់ឆ្នេរស្ទឹងវគ្គុមុទា ។ ពាក្យថា កច្ចិ ភិក្ខវេ ខមនីយំ សេចក្តីថា ព្រះមានព្រះភាគត្រាស់សួរ ថា ម្នាលភិក្ខុទាំងឡាយ សរីរយន្តនេះរបស់ពួកអ្នក មានចក្រ ៤ មានទ្វារ ៩ ល្មមអត់ធន់បានដែរឬ គឺពួកអ្នកអាចដើម្បីអត់សង្កត់ ដើម្បីបរិហារបាន ដែរឬ សរីរយន្តរបស់ពួកអ្នក មិនឲ្យទុក្ខណាមួយកើតឡើងខ្លះទេឬ ។ បទថា កច្ចិ យាបនីយំ សេចក្តីថា ព្រះមានព្រះភាគត្រាស់សួរថា ពួកអ្នកអាចឲ្យសរីរយន្តប្រព្រឹត្តទៅ គឺឲ្យដំណើរទៅក្នុងកិច្ចទាំងពួងបានដែរឬ សរីរយន្តរបស់ពួកអ្នក មិនសម្តែងអន្តរាយណាខ្លះទេឬ ។ ពីរបទថា កុច្ឆិ បរិកន្តោ សេចក្តីថា ពោះដែលអ្នកវះហើយ គប្បីជារបស់ល្អជាង ។ បាឋៈថា កុច្ឆិ បរិកត្ថោ ដូច្នេះក៏ប្រើបាន ។ មហាចោរ ៥ ពួក គ្រានោះឯង ព្រះមានព្រះភាគ កាលទ្រង់តិះដៀលពួកភិក្ខុ ដែលនៅត្រង់ច្រាំងស្ទឹងវគ្គុមុទាដោយអនេកបរិយាយយ៉ាងនេះហើយ ឥឡូវនេះ ទើបត្រាស់ហៅភិក្ខុទាំងឡាយមក ។ កាលត្រាស់ហៅមកហើយ ទើប ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មហាចោរ ៥ ពួកនេះជាដើម ដើម្បីមិនឲ្យភិក្ខុ ដទៃធ្វើកម្មដែលមានសភាពបែបនោះតទៅ ព្រោះកម្មដែលពួកភិក្ខុនៅត្រង់ មាត់ស្ទឹងវគ្គុមុទាទាំងនោះធ្វើ ចាត់ជាចោរកម្ម ។ បណ្តាបទទាំងនោះ ពីរបទថា សន្តោ សំវិជ្ជមានា មានពាក្យអធិប្បាយ ថា មាន និងរកបាន ។ បទថា ឥធ គឺ ក្នុងសត្វលោកនេះ ។ ពីរបទថា ឯវំ ហោតិ សេចក្តីថា សេចក្តីប្រាថ្នាខាងដើម រមែងកើតឡើង យ៉ាងនេះ ។