បទភាជនីយ៍នៃចតុត្ថបារាជិក
អធិប្បាយ បទភាជនីយ៍នៃចតុត្ថបរាជិក ព្រះមានព្រះភាគ កាលទ្រង់ចែកសិក្ខាបទដែលទ្រង់ឧទ្ទេស ទុកតាមលំដាប់បទដូច្នេះហើយ ឥឡូវនេះ ទ្រង់មានបំណងនឹងតាំងបទភាជនៈ នោះឯង ក្នុងឋានជាមាតិកាទៀត ហើយសម្តែងឧត្តរិមនុស្សធម្មដោយពិស្តារ សម្តែងប្រភេទអាបត្តិ ដើម្បីកាន់យកអត្ថ ដោយអាការទាំងពួង ទើបត្រាស់ ពាក្យថា ឈាននោះ បានដល់ បឋមជ្ឈាន ទុតិយជ្ឈានជាដើម ព្រោះថា ក្នុងបទភាជនីយ៍ខាងដើម ទ្រង់បានសម្តែងឧត្តរិមនុស្សធម្មទុកដោយសង្ខេប យ៉ាងនេះថា ឈាន វិមោក្ខ សមាធិ សមាបត្តិ ញាណទស្សនៈ ។ បេ ។ សេចក្តីត្រេកអរចំពោះសុញ្ញាគារ ទ្រង់មិនបានលើកអាបត្តិ តាំងជាបែបផែន ដោយពិស្តារឡើយ កាលសម្តែងអត្ថដោយសង្ខេបហើយ អ្នកសិក្សាទាំងឡាយ មិនអាចកាន់យកអត្ថបានដោយគ្រប់ចំនួន ។ ក្នុងបទថា បឋមំ ឈានំ ជាដើមនោះ មានវិនិច្ឆ័យដូច្នេះថា អប្បមញ្ញាឈាន មានមេត្តាឈានជាដើមក្តី អសុភជ្ឈានជាដើមក្តី អានាបានស្សតិ សមាធិជ្ឈានក្តី លោកិយជ្ឈានក្តី លោកុត្តរជ្ឈានក្តី សង្គ្រោះចូលដោយ បឋមជ្ឈានជាដើមនោះឯង ព្រោះហេតុនោះ កាលភិក្ខុអួតថា ខ្ញុំចូលបឋមជ្ឈាន ហើយក្តី … ខ្ញុំចូលចតុត្ថជ្ឈានហើយក្តី អួតថា ខ្ញុំចូលមេត្តាឈានក្តី … ខ្ញុំ ចូលឧបេក្ខាឈានក្តី ខ្ញុំចូលអសុភជ្ឈានហើយក្តី ខ្ញុំចូលអានាបានស្សតិសមាធិជ្ឈានហើយក្តី ខ្ញុំចូលលោកិយជ្ឈានហើយក្តី ខ្ញុំចូលលោកុត្តរជ្ឈាន ហើយក្តី គប្បីជ្រាបថា ត្រូវអាបត្តិបារាជិកទាំងអស់ ។ អរិយមគ្គដែលផុតដោយល្អ ឬដែលផុតចាកកិលេសមាន សភាព ផ្សេងៗ ព្រោះដូច្នោះ ទើបអរិយមគ្គនោះ ឈ្មោះថា វិមោក្ខ ។ ឯវិមោក្ខនេះ លោកហៅថា សុញ្ញតវិមោក្ខ ព្រោះទទេចាករាគៈ ទោសៈ និងមោហៈ លោកហៅថា អនិមិត្តវិមោក្ខ ព្រោះមិនមាននិមិត្តដោយ