សង្ឃាទិសេសទី ១

ក្បាលទី 2 · ទំព័រ 654

វិនយបិដក បាលីប្រែ ២ តេរសកណ្ឌ បពិត្រលោកដ៏មានអាយុទាំងឡាយ អាបត្តិឈ្មោះ សង្ឃាទិសេសទាំង ១៣ សិក្ខាបទនេះ មកកាន់ឧទ្ទេស ។ សង្ឃាទិសេសទី ១ សម័យនោះ ព្រះពុទ្ធដ៏មានជោគ ទ្រង់គង់នៅក្នុងវត្តជេតពន ជារបស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះ សេយ្យសកភិក្ខុ ដ៏មានអាយុ មិនត្រេកអរនឹងប្រព្រឹត្តព្រហ្មចរិយធម៌ ( ចង់សឹក ) ។ ដោយ ហេតុនោះ សេយ្យសកភិក្ខុក៏ទៅជាស្គាំងស្គមមានសម្បុរអាប់អន់ កើតមាន រោគស្គមលឿងស្លេកស្លាំង មានខ្លួនរវាមដោយសរសៃ ។ ឧទាយិត្ថេរដ៏មានអាយុ ឃើញសេយ្យសកភិក្ខុដ៏មានអាយុស្គាំងស្គម មានសម្បុរអាប់អន់កើតមានរោគ ស្គមលឿងស្លេកស្លាំង មានខ្លួនរវាមដោយសរសៃ លុះឃើញហើយ ទើបសួរ សេយ្យសកភិក្ខុថា ម្នាលអាវុសោសេយ្យសក ហេតុអ្វី បានជាលោកស្គាំងស្គម មានសម្បុរអាប់អន់ កើតមានរោគស្គមលឿងស្លេកស្លាំង មានខ្លួនរវាមដោយ សរសៃ ( ដូច្នេះ ) ម្នាលអាវុសោសេយ្យសក លោកមិនត្រេកអរនឹង ព្រហ្មចរិយធម៌ឬអ្វី ។ សេយ្យសកភិក្ខុឆ្លើយថា ករុណាអាវុសោ ។ ឧទាយិ ក៏បង្គាប់ថា ម្នាលអាវុសោសេយ្យសក បើដូច្នោះ លោកចូរឆាន់ឲ្យឆ្អែត សិងឲ្យស្កប់ ស្រង់ឲ្យពេញចំណង់ទៅ លុះដល់ឆាន់ឆ្អែត ឆាន់ពេញចំណង់ ហើយ កាលណាបើសេចក្តីអផ្សុកកើតមានដល់លោក រាគៈគ្របសង្កត់ចិត្ត លោក លោកចូរព្យាយាមដោយដៃ ញ៉ាំងទឹកអសុចិឲ្យឃ្លាតចេញក្នុងកាល នោះចុះ ។ ទើបសេយ្យសកភិក្ខុសួរថា ម្នាលអាវុសោ កិរិយាដែលសមណៈធ្វើ យ៉ាងហ្នឹងគួរដែរឬ ។ ឧទាយិឆ្លើយថា ករុណាអាវុសោ ទុកជាខ្ញុំក៏ធ្វើយ៉ាង ហ្នឹងដែរ ។ លំដាប់តពីនោះមក សេយ្យកដ៏មានអាយុ ក៏ឆាន់ទាល់តែឆ្អែត សិងទាល់តែស្កប់ ស្រង់ទាល់តែពេញចំណង់ លុះដល់ឆាន់ឆ្អែត សិងស្កប់ ស្រង់ពេញចំណង់ហើយ កាលណាសេចក្តីអផ្