វិធីតវត្ថុក្នុងសុក្កវិសដ្ឋិសិក្ខាបទ
អធិប្បាយ វិនីតវត្ថុក្នុងសុក្កវិសដ្ឋិសិក្ខាបទ [ ៤៤-៤៦ ] បណ្តាវិនីតវត្ថុទាំងឡាយ រឿងភិក្ខុយល់សប្តិ មានន័យ ដូចព្រះដ៏មានព្រះភាគត្រាស់ហើយ ក្នុងអនុប្បញ្ញត្តិនោះឯង ។ រឿងបន្ទោបង់ ឧច្ចារៈ បស្សាវៈច្រើនរឿង មានអត្ថជាក់ច្បាស់ទាំងអស់ហើយ ។ ក្នុងរឿងភិក្ខុត្រិះរិះចំពោះកាមវិតក្កៈ បទថា កាមវិតក្កំ បានដល់ ការត្រិះរិះដល់កាមដែលអាស្រ័យផ្ទះ ។ ក្នុងរឿងកាមវិតក្កនោះ ទ្រង់ត្រាស់ អនាបត្តិទុកដោយពិត សូម្បីដូច្នោះ ភិក្ខុមិនគួរធ្លាក់នៅក្នុងអំណាចនៃវិតក្ក ។ រឿងភិក្ខុងូតទឹកក្តៅទី ១ ងាយហើយនោះឯង ។ ក្នុងរឿង ភិក្ខុងូតទឹកក្តៅទី ២ ភិក្ខុនោះប្រាថ្នាដើម្បីនឹងបញ្ចេញ យកទឹកក្តៅស្រោច ហើយស្រោចទៀតត្រង់និមិត្ត ហើយងូតទឹក ។ ដោយហេតុនោះ ទើបព្រះមាន ព្រះភាគកាត់អាបត្តិដល់ភិក្ខុនោះ ។ ក្នុងរឿងភិក្ខុងូតទឹកក្តៅទី ៣ ត្រូវ អាបត្តិថុល្លច្ច័យ ព្រោះមានការព្យាយាម ។ [ ៤៩-៥០ ] រឿងភិក្ខុលាបថ្នាំ និងរឿងភិក្ខុអេះរមាស់ត្រង់ពងល្វា មានអត្ថជាក់ច្បាស់ទាំងអស់ហើយ ។ គប្បីជ្រាបវិនិច្ឆ័យក្នុងមគ្គវត្ថុច្រើនរឿង ដូច្នេះថា កាលភិក្ខុទី ១ មានភ្លៅធំកំពុងដើរផ្លូវ អសុចិបានឃ្លាតចាកទី ព្រោះការប៉ះពាល់ក្នុងទី ចង្ហៀត មិនត្រូវអាបត្តិដល់ភិក្ខុនោះ ព្រោះមិនមានបំណងក្នុងការឲ្យឃ្លាត ចាកទី ។ សម្រាប់ភិក្ខុអង្គទី ២ អសុចិបានឃ្លាតចាកទីដូច្នោះដូចគ្នា តែត្រូវ អាបត្តិសង្ឃាទិសេស ព្រោះមានបំណងក្នុងការឲ្យឃ្លាតចាកទី ។