អធិប្បាយអនាមាសវត្ថុ
មិនមែនតែរាងកាយរបស់មាតុគ្រាម តែម្យ៉ាងបុណ្ណោះទេ ជាអនាមាស នោះ សូម្បីសំពត់ស្លៀក និងសំពត់ដណ្តប់ក្តី របស់របរគ្រឿងប្រដាប់ក្តី រហូតដល់កម្រងស្មៅក្តី ចិញ្ចៀនស្លឹកត្នោតក្តី ជាអនាមាសវត្ថុទាំងអស់ ។ ឯ សំពត់ស្លៀក និងសំពត់ដណ្តប់នោះ តាំងទុកដើម្បីប្រើជាគ្រឿងប្រដាប់ បុណ្ណោះ ។ បើមាតុគ្រាមដាក់សំពត់ស្លៀក ឬសំពត់ដណ្តប់ទុកក្នុងទីជិតជើង ដើម្បីឲ្យប្តូរជាចីវរ សំពត់នោះ រមែងគួរ ។ បណ្តាគ្រឿងប្រដាប់ ភណ្ឌៈ ដែលជាកប្បិយៈ មានគ្រឿងប្រដាប់ក្បាលជាដើម ដែលមាតុគ្រាមប្រគេនថា បពិត្រលោកម្ចាស់ សូមលោកម្ចាស់មេត្តាទទួលរបស់នេះចុះ ភិក្ខុគួរទទួល ដើម្បីជាគ្រឿងប្រើប្រាស់ មានស្រោមកំបិតកោរ និងបំពង់ម្ជុលជាដើម ឯ ភណ្ឌៈដែលធ្វើដោយមាស ប្រាក់ និងកែវមុក្តាជាដើម ជាអនាមាសពិត សូម្បីគេប្រគេន ក៏មិនគួរទទួល ។ ម្យ៉ាងទៀត មិនមែនតែគ្រឿងតាក់តែងកាយ ដែលស្លៀកដណ្តប់រាងកាយ របស់ស្រីតែម្យ៉ាងបុណ្ណោះទេ ដែលជាអនាមាសនោះ សូម្បីរូបធ្វើអំពី ឈើក្តី ភ្លុកក្តី ដែកក្តី គជ់ក្តី រូបគំនូរក្តី រូបដែលសម្រេចដោយរតនៈគ្រប់ យ៉ាងក្តី ដែលគេធ្វើរូបរាងសណ្ឋាននៃមនុស្សស្រី ដោយហោច សូម្បីរូប ដែលស្មូនដោយម្សៅ ក៏ជាអនាមាសទាំងអស់ ។ បើបានរបស់ដែលគេប្រគេន ថា របស់នេះសូមជារបស់លោកម្ចាស់ចុះ វៀររបស់ដែលសម្រេចដោយរតនៈ គ្រប់យ៉ាង ទម្លាយរូបដ៏សេស បង្អោនយកវត្ថុដែលគួរ ជាគ្រឿងឧបករណ៍ ចូលក្នុងគ្រឿងឧបករណ៍ និងវត្ថុដែលគួរប្រើប្រាស់ចូលក្នុងវត្ថុសម្រាប់ប្រើ