បទភោជនីយ៍នៃទុដ្ឋល្លវាចាសិក្ខាបទ
អធិប្បាយ បទភាជនីយ៍នៃទុដ្ឋុល្លវាចាសិក្ខាបទ ពាក្យជាដើមថា ទ្វេ មគ្គេ អាទិស្ស ដូច្នេះ ព្រះមានព្រះភាគ ត្រាស់ហើយ ដើម្បីទ្រង់សម្តែងអាការដែលជាហេតុឲ្យសង្ឃាទិសេសដល់ភិក្ខុ ដែលពោលចែចង់ ( ស្ត្រី ) ។ បណ្តាបទទាំងពីរបទថា ទ្វេ មគ្គេ បានដល់ វច្ចមគ្គ និងបស្សាវមគ្គ ពាក្យដ៏សេស ប្រាកដហើយអំពីដំបូង ក្នុងឧទ្ទេសនោះឯង ។ ឯក្នុងឧទ្ទេស ពាក្យថា និយាយសរសើរ គឺនិយាយថា នាងជាអ្នកដល់ព្រមដោយលក្ខណៈ របស់ស្រី គឺដោយសុភលក្ខណៈ អាបត្តិមិនទាន់ដល់ទីបំផុត ។ ពោលថា វច្ចមគ្គ និងបស្សាវមគ្គរបស់នាង ដូច្នេះ នាងជាអ្នកដល់ព្រមដោយលក្ខណៈ របស់ស្រី គឺដោយសុភលក្ខណៈ ដូច្នេះ ដោយហេតុដូច្នោះ អាបត្តិរមែងដល់ ទីបំផុត គឺជាសង្ឃាទិសេស ។ ពីរបទថា វណ្ណេតិ បសំសតិ នេះ ជាវេវចនៈនៃបទថា ពោលសរសើរ ។ បទថា ខ្ញុំសេតិ សេចក្តីថា រមែងពោលជេរ ប្រៀបដូចជន្លួញ គឺវាចា ។ បទថា វម្ភេតិ ប្រែថា ពោលតិះដៀល ។ បទថា គរហតិ ប្រែថា រមែងពោលទោស ។ តែកាលមិនទាន់ពោលភ្ជាប់ជាមួយ ១១ បទ មានបទថា អនិមិត្តាសិ ជាដើម ដែលមកក្នុងបាលីខាងដើម អាបត្តិមិនទាន់ដល់ទីបំផុតឡើយ សូម្បី ភ្ជាប់ហើយ កាលពោលភ្ជាប់ដោយបទ ៣ ទាំងនេះថា មេសិខិរណី មេមាន ទ្វារមគ្គរលាយចូលគ្នា មេឧភតោព្យញ្ជនកៈ ដូច្នេះបុណ្ណោះ ក្នុងបណ្តា ១១ បទ នោះ ទើបត្រូវអាបត្តិសង្ឃាទិសេស ។ សូម្បីក្នុងការពោលសូមថា នាង ចូរឲ្យដល់ខ្ញុំ អាបត្តិនៅមិនទាន់ដល់ទីបំផុត ដោយពាក្យមានប្រមាណបុណ្ណេះ លុះពោលភ្ជាប់ដោយមេថុនធម្មយ៉ាងនេះថា នាងចូរឲ្យមេថុនធម្ម ត្រូវអាបត្តិ សង្ឃាទិសេស ។