វិនីតវត្ថុក្នុងទុដុល្លវាចាសិក្ខាបទ
អធិប្បាយ វិនីតវត្ថុក្នុងទុដ្ឋុល្លវាចាសិក្ខាបទ បណ្តាវិនីតវត្ថុ គប្បីជ្រាបវិនិច្ឆ័យក្នុងរឿងសំពត់កម្ពលក្រហម ដូច្នេះថា ភិក្ខុនោះ ពោលសំដៅដល់និមិត្តដែលមានលោហិតរបស់ស្រី ស្រី នោះមិនដឹង ព្រោះដូច្នោះ ទើបត្រូវអាបត្តិទុក្កដ ។ បទថា កក្កសលោមំ ប្រែថា មានរោមច្រើន ដោយរោមខ្លីៗ ។ បទថា អាកិណ្ណលោមំ ប្រែថា មានរោមក្រញាញ់ ។ បទថា ខរលោមំ ប្រែថា មានរោមរឹង ។ បទថា ទីឃលោមំ ប្រែថា មានសរសៃរោមមិនខ្លី ។ ពាក្យទាំងអស់ ភិក្ខុទាំងនោះពោលដល់និមិត្តរបស់ស្រីទាំងនោះ ។ ភិក្ខុនោះពោលសំដៅដល់អសទ្ធម្មថា នាងឲ្យគេព្រោះស្រូវ ហើយឬ ស្រីនោះមិនយល់ ទើបពោលថា ( ព្រោះហើយ ) តែមិនទាន់បាន រាស់លុប ។ ពូជដែលឈ្មោះថា លុបហើយ បានដល់ ពូជដែលគេឲ្យតាំងឡើងជា ថ្មី ( ឲ្យសាបព្រោះ ) ក្នុងឱកាសដែលពូជទាំងឡាយមិនទាន់ដុះ ឬក្នុងឱកាស ដែលមានពូជ ត្រូវពួកសត្វល្អិតធ្វើឲ្យវិនាស ហើយបញ្ចូលទឹកឲ្យស្មើក្នុងស្រែ ព្រោះមានទឹក និងពូជដែលគេកេរោឲ្យស្មើដោយរនាស់មានធ្មេញ ៨ ដដែល ទៀត ដើម្បីធ្វើពូជទាំងឡាយ ដែលធ្លាក់ចុះទៅឲ្យស្មើគ្នាក្នុងស្រែទួល ។ បណ្តាពូជទាំងនោះ ស្រីនេះពោល សំដៅយកពូជឯណាមួយ ។ ក្នុងរឿងផ្លូវ ពាក្យថា ផ្លូវរបស់នាងប្រព្រឹត្តទៅស្រួលទេឬ ភិក្ខុនោះពោលសំដៅដល់ផ្លូវអង្គជាត ។ ពាក្យដ៏សេសមានអត្ថជាក់ច្បាស់ ហើយនោះឯង ។