សង្ឃាទិសេសទី ៤

ក្បាលទី 2 · ទំព័រ 806

សង្ឃាទិសេសទី ៤ សម័យនោះ ព្រះសព្វញ្ញុពុទ្ធដ៏មានព្រះភាគ ទ្រង់គង់នៅក្នុង វត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ សម័យនោះ ឯង ឧទាយិភិក្ខុដ៏មានអាយុ ជាអ្នកចូលទៅកាន់ត្រកូល ក៏ចូលទៅរកត្រកូល មានប្រមាណច្រើន ក្នុងក្រុងសាវត្ថី ។ សម័យនោះឯង មានស្រីម្នាក់ជាស្រី មេម៉ាយស្លាប់ប្តី មានរូបល្អគួរពិតពិលរមិលមើល ជាទីនាំមកនូវសេចក្តី ជ្រះថ្លា ។ គ្រានោះ ឧទាយិភិក្ខុដ៏មានអាយុស្លៀកស្បង់ ទ្រង់បាត្រ ចីវរ ហើយចូលទៅកាន់លំនៅរបស់ស្រីនោះ ក្នុងពេលព្រឹកព្រហាម លុះចូលទៅដល់ ហើយក៏អង្គុយលើអាសនៈដែលគេក្រាលប្រគេន ។ ស្រីនោះក៏ចូលមក រកឧទាយិភិក្ខុដ៏មានអាយុក្នុងពេលនោះ លុះចូលមកជិតហើយ ក៏ឱនកាយ ថ្វាយបង្គំឧទាយិភិក្ខុដ៏មានអាយុ ហើយអង្គុយនៅក្នុងទីដ៏សមគួរ ។ ឧទាយិភិក្ខុ ដ៏មានអាយុក៏ញ៉ាំងស្រីនោះ ដែលអង្គុយនៅក្នុងទីសមគួរ ឲ្យឃើញច្បាស់ ឲ្យកាន់យកព្រម ឲ្យអាចហាន ឲ្យរីករាយ ដោយវាចាដ៏ប្រកបដោយធម៌ ។ ឯស្រីនោះ លុះឧទាយិភិក្ខុដ៏មានអាយុ ឲ្យឃើញច្បាស់ ឲ្យកាន់យកព្រម ឲ្យ អាចហាន ឲ្យរីករាយ ដោយវាចាដ៏ប្រកបដោយធម៌ដូច្នោះហើយ ក៏បាន និយាយពាក្យនេះនឹងឧទាយិភិក្ខុដ៏មានអាយុថា បពិត្រលោកម្ចាស់ លោក ម្ចាស់ត្រូវការដោយវត្ថុណា ដែលខ្ញុំព្រះករុណា ល្មមនឹងប្រគេនលោកម្ចាស់ ។ បាន ដូចជាចីវរ បិណ្ឌបាត គ្រឿងសេនាសនៈ គ្រឿងបរិក្ខារ គឺថ្នាំជាបច្ច័យ ដល់មនុស្សឈឺនោះ លោកម្ចាស់និមន្តប្រាប់មកចុះ ។ ឧទាយិភិក្ខុឆ្លើយថា ម្នាលប្អូនស្រី ចីវរ បិណ្ឌបាត គ្រឿងសេនាសនៈ គ្រឿងបរិក្ខារ គឺថ្នាំជាបច្ច័យ ដល់មនុស្សមានជំងឺដែលជារបស់នាង យើងមិនមែនបានដោយកម្រទេ តែថា របស់ណា ដែលយើងបានដោយកម្រ នាងចូរឲ្យរបស់នោះដល់យើង វិញចុះ ។