សញ្ចរិត្តសិក្ខាបទវណ្ណនា
សញ្ចរិត្តសិក្ខាបទ បទថា តេន សមយេន ពុទ្ធោ ភគវា ជាដើម ខ្ញុំនឹងពោលតទៅថា ក្នុងសញ្ចរិត្តសិក្ខាបទនោះ គប្បីជ្រាបវិនិច្ឆ័យ ដូច្នេះថា បទថា បណ្ឌិតោ បានដល់ បុគ្គលប្រកបដោយភាពជាអ្នកឈ្លាស គឺ បុគ្គលមានបញ្ញាជាគតិ ។ បទថា ព្យត្តោ បានដល់ បុគ្គលប្រកបដោយភាពជាអ្នកអាច គឺជាអ្នក ស្គាល់ឧបាយ អ្នកក្លាហាន ។ បទថា មេធាវី សេចក្តីថា ជាអ្នកប្រកបដោយបញ្ញា ធ្វើឲ្យអ្នកដទៃ ឃើញហើយឃើញទៀត ។ បទថា ទក្ខោ គឺជាអ្នកមុតស្រួច ។ បទថា អនលសោ គឺជាអ្នកដល់ព្រមដោយឧស្សាហ៍ព្យាយាម ។ បទថា ឆន្នោ ប្រែថា សមគួរ ។ បទថា កិស្មឹ វិយ មានអធិប្បាយ ថា មើលទៅដូចជាការលំបាក គឺហាក់ដូចជាវិនាស ហាក់ដូចជាការដែលគួរ ខ្មាសដល់ពួកខ្ញុំ ។ ពីរបទថា កុមារិកាយ វត្តុំ សេចក្តីថា ការដែលនឹង ពោលព្រោះហេតុនៃក្មេងស្រីថា ពួកលោកចូរទទួលក្មេងស្រីនេះទៅ ( មើល ទៅជាការលំបាក ) ។ បណ្តាអាវាហៈជាដើម ដែលឈ្មោះថា អាវាហ បានដល់ ការនាំក្មេង ស្រីមកអំពីត្រកូលដទៃ ដើម្បីក្មេងប្រុស ។ ដែលឈ្មោះថា វិវាហ បានដល់ ការបញ្ជូនក្មេងស្រីរបស់ខ្លួនទៅកាន់ត្រកូលដទៃ ។ បទថា វារេយ្យានិ សេចក្តីថា ការស្តីដណ្តឹងថា ពួកអ្នកចូរឲ្យក្មេងស្រី ដល់ក្មេងប្រុសរបស់ពួកយើង ឬធ្វើការកំណត់ថ្ងៃ ឫក្ស និងយាម ។ បទថា បុរាណគណកិយា សេចក្តីថា ភរិយារបស់ហោរា ម្នាក់ ស្រីនោះ កាលហោរានោះនៅមានជីវិត ប្រាកដឈ្មោះថា គណកី ។ កាលហោរាស្លាប់ហើយ ហៅថា បុរាណគណកី ។ បទថា តិរោគាមោ បានដល់ ក្រៅស្រុក អធិប្បាយថា ស្រុកដទៃ ។ បទថា មនុស្សា បានដល់ ពួកអ្នកស្រុកដឹងភាពដែលឧទាយិភិក្ខុ ជា អ្នកចូលចិត្តខ្វល់ខ្វាយក្នុងការនាំពាក្យចែចូវនេះ ។