បទភោជនីយ៍នៃសញ្ចរិត្តសិក្ខាបទ

ក្បាលទី 2 · ទំព័រ 879

អធិប្បាយ បទភាជនីយ៍នៃសញ្ចរិត្តសិក្ខាបទ ស្រី ២០ ពួក ឥឡូវនេះ ព្រះមានព្រះភាគ កាលទ្រង់សម្តែងស្រីប្រភេទ ដែលទ្រង់បំណងក្នុងពាក្យថា ឥត្ថិយា វា បុរិសមតឹ នេះ ដោយប្រភេទ ហើយ ទ្រង់សម្តែងប្រភេទនៃអាបត្តិដោយអំណាចភាពជាអ្នកដឹកនាំក្នុងស្រី ទាំងនោះ ទើបត្រាស់ពាក្យថា ទស ឥត្ថិយោ ជាដើម ។ បណ្តាបទទាំងនោះ បទថា មាតុរក្ខិតា បានដល់ ស្រី ដែលម្តាយរក្សា គឺមាតារក្សា ដោយប្រការដែលនឹងសម្រេចការនៅរួមជាមួយ បុរសមិនបាន ព្រោះហេតុនោះ ទើបព្រះឧបាលីពោលបទភាជនីយ៍នៃបទ មាតុរក្ខិតា នោះថា ម្តាយរមែងរក្សាឃុំគ្រង ញ៉ាំងខ្លួនឲ្យធ្វើភាពជាធំ ញ៉ាំង អំណាចឲ្យប្រព្រឹត្តទៅ ។ បណ្តាបទទាំងនោះ បទថា រក្ខតិ សេចក្តីថា មិនឲ្យទៅក្នុងទីណាមួយ ។ បទថា គោបេតិ សេចក្តីថា រមែងរារាំងទុកក្នុងទីឃុំគ្រងដោយប្រការដែល បុរសដទៃមិនឃើញ ។ ពីរបទថា ឥស្សរិយំ ការេតិ សេចក្តីថា ប្រព្រឹត្តសង្កត់សង្កិន គឺហាម ការនៅតាមទំនើងចិត្តនៃស្រីនោះ ។ ពីរបទថា វសំ វត្តេតិ សេចក្តីថា ញ៉ាំងអំណាចរបស់ខ្លួនឲ្យប្រព្រឹត្ត ទៅខាងលើនៃស្រីនោះយ៉ាងនេះថា ហងចូរធ្វើវត្ថុនេះ កុំធ្វើយ៉ាងនេះ ។ ស្រី ទាំងឡាយ មានស្រីដែលពុករក្សាជាដើម គប្បីជ្រាបដោយឧបាយនេះ ។ គោត្រ ឬធម៌ រមែងរក្សាមិនបាន តែថា ស្រីដែលជនមានគោត្រស្មើគ្នា និងដែលជនប្រព្រឹត្តធម៌រួមគ្នា គឺជនអ្នកបួសឧទ្ទិសព្រះសាស្តាអង្គតែមួយ និងជនដែលទាក់ទងក្នុងគណៈតែមួយរក្សាហើយ លោកហៅថា ស្រីដែល គោត្ររក្សា ស្រីដែលធម៌រក្សា ព្រោះដូច្នោះ ទើបលោកពោលបទភាជនីយ៍នៃ បទទាំងនោះ ដោយន័យជាដើមថា សគោត្តា រក្ខន្តិ ។