វិហារការសិក្ខាបទវណ្ណនា

ក្បាលទី 2 · ទំព័រ 970

វិហារការសិក្ខាបទ បទថា តេន សមយេន ជាដើម ខ្ញុំនឹងពោល តទៅថា គប្បីជ្រាបវិនិច្ឆ័យ ក្នុងវិហារការសិក្ខាបទនោះ ដូចតទៅនេះ បទថា កោសម្ពិយំ បានដល់ ជិតនគរដែលមានឈ្មោះយ៉ាងនេះ ។ បទថា ឃោសិតារាមេ បានដល់ អារាមរបស់ឃោសិតសេដ្ឋី ។ បាន ឮថា វិហារនោះ សេដ្ឋីឈ្មោះឃោសិតឲ្យធ្វើ ព្រោះដូច្នោះ ទើបហៅថា ឃោសិតារាម ។ បទថា ឆន្នស្ស បានដល់ ឆន្នភិក្ខុដែលធ្លាប់ជាឧបដ្ឋាក ក្នុងវេលា ព្រះពុទ្ធអង្គនៅជាព្រះពោធិសត្វ ។ បទថា វិហារវត្ថុំ ភន្តេ ជានាហិ សេចក្តីថា បពិត្រលោកដ៏ចម្រើន សូមលោកពិនិត្យមើលទីកន្លែងធ្វើវិហារចុះ ។ ក្នុងបទថា វិហារវត្ថុំ នេះ ដែលឈ្មោះថា វិហារ មិនមែនវិហារទាំងមូល គឺអាវាស ( លំនៅ ) មួយ ខ្នងបុណ្ណោះ ។ ដោយហេតុនោះឯង ទើបគហបតិឧបដ្ឋាករបស់ឆន្នភិក្ខុពោល ថា ខ្ញុំនឹងធ្វើវិហារប្រគេនលោកម្ចាស់ ។ ក្នុងពាក្យថា ចេតិយរុក្ខំ នេះ មានវិនិច្ឆ័យដូច្នេះ ដែលឈ្មោះថា ចេតិយ ព្រោះអត្ថថា ដែលពពួកជនធ្វើការគោរព ។ បទថា ចេតិយរុក្ខំ នេះ ជាឈ្មោះនៃទេវស្ថានទាំងឡាយ ដែលគួរដល់ការបូជា ។ ដើមឈើ ដែលសត្វលោកសន្មតថា ចេតិយ ឈ្មោះថា រុក្ខចេតិយ ។ ដែលអ្នកស្រុក បូជាហើយក្តី ជាទីបូជារបស់អ្នកស្រុកក្តី ព្រោះដូច្នោះ ទើបដើមឈើនោះ ឈ្មោះថា គាមបូជិត ( ដែលអ្នកស្រុកនាំគ្នាបូជា ) ។ ក្នុងបទដ៏សេស ក៏ មានន័យដូច្នេះ ។ ម្យ៉ាងទៀត ក្នុងជនបទ និងរដ្ឋនេះ ចំណែកមួយក្នុងរជ្ជសីមានៃព្រះរាជាមួយអង្គ គប្បីជ្រាបថា ជនបទ ។