អដ្ឋកថា អាឡរិកាសូត្រទី ១

ក្បាលទី 20 · ទំព័រ 2

ខ្ញុំបានស្តាប់មក យ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់ គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ គ្រានោះ ភិក្ខុនីឈ្មោះអាឡវិកា ស្លៀកស្បង់ប្រដាប់ដោយបាត្រ និងចីវរក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត លុះត្រាច់ទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថីហើយ ត្រឡប់មកអំពីបិណ្ឌបាតវិញ ក្នុងបច្ឆាភត្ត ក៏មាន សេចក្តីត្រូវការដោយទីស្ងាត់ ហើយចូលទៅកាន់អន្ធវ័ន ។ គ្រានោះ មារមានចិត្តបាប មានប្រាថ្នាដើម្បីញ៉ាំងភ័យ សេចក្តី តក់ស្លុត និងសេចក្តីព្រឺរោម ឲ្យកើតឡើងដល់អាឡវិកាភិក្ខុនី មានប្រាថ្នាឲ្យ នាងឃ្លាតចាកសេចក្តីស្ងប់ស្ងាត់ ហើយក៏ចូលទៅរកអាឡវិកាភិក្ខុនី លុះចូលទៅ ដល់ហើយ បានពោលគាថានឹងអាឡវិកាភិក្ខុនីថា ធម្មជាតជាគ្រឿងរលាស់ចេញ ក្នុងលោកមិនមានទេ នាង នឹងធ្វើនូវប្រយោជន៍អ្វី ដោយសេចក្តីស្ងប់ស្ងាត់ ចូរនាង បរិភោគនូវសេចក្តីត្រេកអរក្នុងកាម នាងពុំមានសេចក្តីក្តៅ ក្រហាយ ក្នុងកាលជាខាងក្រោយឡើយ ។ គ្រានោះ អាឡវិកាភិក្ខុនីមានសេចក្តីត្រិះរិះយ៉ាងនេះថា អ្នកនេះ ជាអ្វីហ្ន៎ ជាមនុស្ស ឬជាអមនុស្ស បានជាពោលនូវគាថា ។ ទើបអាឡវិកា ភិក្ខុនី មានសេចក្តីចូលចិត្តដូច្នេះថា នេះពិតជាមារមានចិត្តបាប មានប្រាថ្នា ដើម្បីញ៉ាំងភ័យ សេចក្តីតក់ស្លុត និងសេចក្តីព្រឺរោម ឲ្យកើតឡើងដល់ អាត្មាអញ ប្រាថ្នាឲ្យអាត្មាអញឃ្លាតចាកសេចក្តីស្ងប់ស្ងាត់ បានជាពោលនូវ គាថា ។