សោមាសូត្រទី ២
សាវត្ថីនិទាន ។ គ្រានោះ សោមាភិក្ខុនី ស្លៀកស្បង់ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត លុះ ត្រាច់ទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថីហើយ ត្រឡប់មកពីបិណ្ឌបាត ក្នុងបច្ឆាភត្តក ៏ដើរសំដៅទៅកាន់អន្ធវ័ន ដើម្បីសម្រាកក្នុងវេលាថ្ងៃ លុះចូលទៅដល់អន្ធវ័ន ហើយ ក៏អង្គុយសម្រាកក្នុងវេលាថ្ងៃ ក្រោមម្លប់ឈើមួយ ។ គ្រានោះ មារមានចិត្តបាប មានប្រាថ្នាដើម្បីញ៉ាំងភ័យ សេចក្តី តក់ស្លុត និងសេចក្តីព្រឺរោម ឲ្យកើតឡើងដល់សោមាភិក្ខុនីប្រាថ្នាឲ្យនាងឃ្លាត ចាកសមាធិ ក៏ចូលទៅរកសោមាភិក្ខុនី លុះចូលទៅដល់ហើយ ក៏ពោលគាថា នឹងសោមាភិក្ខុនីថា ទីណាដែលមានដោយកម្រ ជាទីដែលឥសីទាំងឡាយ គប្បី ដល់ទីនោះ ស្ត្រីដែលមានបញ្ញាប្រវែងពីរធ្នាប់ មិនអាចនឹង ដល់បានឡើយ ។ លំដាប់នោះ សោមាភិក្ខុនីមានសេចក្តីត្រិះរិះយ៉ាងនេះថា អ្នកនេះ ជាអ្វីហ្ន៎ ជាមនុស្ស ឬជាអមនុស្ស បានជាពោលនូវគាថា ។ ទើបសោមាភិក្ខុនី មានសេចក្តីចូលចិត្ត ដូច្នេះថា នេះពិតជាមារមានចិត្តបាប មានប្រាថ្នាដើម្បីញ៉ាំង ភ័យ សេចក្តីតក់ស្លុត និងសេចក្តីព្រឺរោមឲ្យកើតឡើងដល់អាត្មាអញ ប្រាថ្នា ឲ្យអាត្មាអញ ឃ្លាតចាកសមាធិ បានជាពោលនូវគាថា ។ លុះសោមាភិក្ខុនី ដឹងច្បាស់ថា នេះជាមារមានចិត្តបាបហើយ ក៏ពោលគាថាទាំងឡាយ នឹងមារ មានចិត្តបាបថា កាលបើចិត្តរបស់ស្ត្រីភាព ដែលឃើញនូវធម៌ដោយប្រពៃ បាន តាំងមាំហើយ កាលបើញាណកំពុងប្រព្រឹត្តទៅ ស្ត្រីភាពនឹងធ្វើអ្វី ( ក៏ធ្វើបាន ) បើបុគ្គលណា មានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញជ្រាស្តី ឬជាបុរស ឬមួយមានកង្វល់ថា អាត្មាអញ មាន ដូច្នេះ មារគួរនឹងស្តីថាឲ្យបុគ្គលនោះបាន ។