វិជយាសូត្រទី ៤
សាវត្ថីនិទាន ។ គ្រានោះ វិជយាភិក្ខុនី ស្លៀកស្បង់ក្នុង បុព្វណ្ហសម័យ ។ បេ ។ អង្គុយសម្រាកក្នុងវេលាថ្ងៃ ក្រោមម្លប់ឈើមួយ ។ គ្រានោះ មារមានចិត្តបាប មានប្រាថ្នាដើម្បីញ៉ាំងភ័យឲ្យកើតឡើង ដល់វិជយាភិក្ខុនី ។ បេ ។ ប្រាថ្នាឲ្យឃ្លាតចាកសមាធិ ក៏ចូលទៅរកវិជយា ភិក្ខុនី លុះចូលទៅដល់ហើយ បានពោលគាថានឹងវិជយាភិក្ខុនីថា នាងជ្រាស្តីក្រមុំមានរូបឆោម យើងក៏កំលោះក្មេង ម្នាលនាង ម្ចាស់ ចូរមក យើងទាំង ២ នាក់ ចូរត្រេកអរជាមួយគ្នា ដោយតន្រ្តីប្រកបដោយអង្គ ៥ ។ លំដាប់នោះ វិជយាភិក្ខុនីមានសេចក្តីត្រិះរិះ យ៉ាងនេះថា អ្នក នេះជាអ្វីហ្ន៎ ជាមនុស្ស ឬជាអមនុស្ស បានជាពោលគាថា ។ ទើបវិជយាភិក្ខុនី មានសេចក្តីចូលចិត្តដូច្នេះថា នេះពិតជាមារមានចិត្តបាប ។ បេ ។ បានជា ពោលនូវគាថា ។ លុះវិជយាភិក្ខុនី ដឹងច្បាស់ថា នេះជាមារមានចិត្តបាប ហើយ បានពោលគាថាទាំងឡាយ នឹងមារមានចិត្តបាបថា រូប សំឡេង ក្លិន រស ផោដ្ឋព្វៈ ជាទីគាប់ចិត្ត យើងប្រគល់ឲ្យ អ្នកទាំងអស់ ម្នាលមារ ដ្បិតយើងមិនត្រូវការដោយអារម្មណ៍ នោះទេ យើងធុញទ្រាន់ នឿយណាយពេកណាស់ ចំពោះកាយ ស្អុយ ដែលបែកធ្លាយ ពុករលួយនេះ កាមតណ្ហា យើងបាន ដកចោលហើយ សត្វទាំងឡាយណា ដែលទៅកើតក្នុងរូបភព ក្តី សត្វទាំងឡាយណា ដែលមានចំណែក ក្នុងអរូបភពក្តី សមាបត្តិណាដ៏ល្អិតក្តី សេចក្តីងងឹត ក្នុងភពទាំងអស់ នោះ យើងកម្ចាត់បង់បានហើយ ។ លំដាប់នោះ មារមានចិត្តបាបដឹងថា វិជយាភិក្ខុនី ស្គាល់អញហើយក៏ មានសេចក្តីទុក្ខ តូចចិត្ត បាត់អំពីទីនោះឯង ។