អដ្ឋកថា វិជយាសូត្រទី ៤
ក្នុងវិជយាសូត្រទី ៤ មានវិនិច្ឆ័យដូច្នេះ បទថា បញ្ចង្គិកេន សេចក្តីថា ប្រកបដោយអង្គ ៥ យ៉ាងនេះ គឺ អាតត ស្គរដែលគេដាស ពាសតែម្ខាង ១ វិតត ស្គរតូចដែលគេដាសពាសទាំងពីរខាង មានសម្ភោរ ជាដើម ១ អាតតវិតត ស្គរធំដែលគេដាសពាសទាំងពីរខាង មានស្គរជ័យ ជាដើម ១ ឃន គ្រឿងតូរ្យតន្រ្តីគ្មានប្រហោង គឺគង ឬរគាំង ១ សុសិរំ គ្រឿងតូរ្យតន្រ្តីមានប្រហោង គឺបុី និងស័ង្ខជាដើម ១ ។ បទថា និយ្យាតយាមិ តុយ្ញេវ សេចក្តីថា យើងនឹងឲ្យតូរ្យតន្រ្តីទាំងអស់ដល់នាងបុណ្ណោះ ។ បទថា មារ ន ហិ តេន អត្ថិកា សេចក្តីថា យើងមិនត្រូវការដោយតូរ្យតន្រ្តីនោះ ។ បទថា បូតិកាយេន សេចក្តីថា កាយសូម្បីតែមានពណ៌ដូចមាស ក៏នៅតែឈ្មោះថា ជាកាយស្អុយ ព្រោះអត្ថថា ហូរចូល ហូរចេញជានិច្ច ព្រោះហេតុនោះ ទើបវិជយាភិក្ខុនី ពោលយ៉ាងនោះ ។ បទថា ភិន្ទនេន បានដល់ មានការបែកធ្លាយទៅជាធម្មតា ។ បទថា បភង្គុនា បានដល់ ដល់នូវសេចក្តីពុករលួយជាធម្មតា ។ បទថា អដ្តិយាមិ ប្រែថា ធុញទ្រាន់ ។ បទថា ហរាយាមិ ប្រែថា នឿយណាយ ។ បទថា សន្តា សមាបត្តិ សេចក្តីថា លោកិយសមាបត្តិ ៨ យ៉ាង លោកពោលថាស្ងប់ ព្រោះស្ងប់ដោយអារម្មណ៍ និងស្ងប់ដោយអង្គ ។ បទថា សព្វត្ថ បានដល់ ក្នុងរូបភព និងអរូបភពទាំងអស់ ។ ទើបវិជយាភិក្ខុនីពោលថា សូម្បីងងឹត គឺអវិជ្ជា យើងកម្ចាត់បានហើយ ក្នុងឋានៈទាំងពួង នេះ គឺក្នុងកាមភព ដែលប្រកាន់យកហើយ ព្រោះកាន់យកភពទាំង ២ នោះ និងក្នុងសមាបត្តិ ៨ ។