ឧបបាលាសូត្រទី ៧
សាវត្ថីនិទាន ។ គ្រានោះ ឧបចាលាភិក្ខុនី ស្លៀកដណ្តប់ ក្នុង បុព្វណ្ហសម័យ ។ បេ ។ អង្គុយសម្រាកក្នុងវេលាថ្ងៃ ក្រោមម្លប់ឈើមួយ ។ គ្រានោះ មារមានចិត្តបាប ។ បេ ។ បានពោលពាក្យនេះនឹង ឧបចាលាភិក្ខុនីថា ម្នាលភិក្ខុនី ហេតុដូចម្តេចបានជានាងចង់កើត ។ ម្នាល អាវុសោ យើងឥតចង់កើត ក្នុងទីណាមួយទេ ។ ពួកទេវតាណា ដែលឋិតនៅក្នុងជាន់តាវត្តិង្សក្តី ជាន់យាមៈក្តី ជាន់តុសិតក្តី ពួកទេវតាដែលឋិតនៅក្នុងជាន់និម្មានរតីក្តី ពួកទេវតាដែលឋិតនៅ ក្នុងជាន់វសវត្តីក្តី នាងចូរតម្កល់ចិត្តក្នុងពួកទេវតានោះ នឹងបានទទួលនូវ តម្រេកមិនខាន ។ ឧបចាលាភិក្ខុនីតបថា ពួកទេវតាណា ដែលឋិតនៅក្នុងជាន់ តាវត្តិង្សក្តី ជាន់យាមៈក្តី ជាន់តុសិតក្តី ពួកទេវតាដែលឋិតនៅក្នុងជាន់ និម្មានរតីក្តី ពួកទេវតាដែលឋិតនៅក្នុងជាន់វសវត្តីក្តី ទេវតាទាំងនោះ ចំពាក់ ដោយគ្រឿងចង គឺកាម រមែងមកកាន់អំណាចនៃមារទៀត លោកទាំងអស់ ត្រូវ ភ្លើងឆេះហើយ លោកទាំងអស់ ក្តៅក្រហាយ លោកទាំងអស់ ភ្លឺច្រាល រន្ទាល លោកទាំងអស់ ញាប់ញ័រហើយ ទីណាដែលមិនញាប់ញ័រ មិនកក្រើក មិនមែនជាសំណេពនៃបុថុជ្ជន មិនមែនជាដំណើរនៃមារ ចិត្តយើងត្រេកអរ ហើយ ក្នុងទីនោះ ។ លំដាប់នោះ មារមានចិត្តបាបដឹងថា ឧបចាលាភិក្ខុនី ស្គាល់អញ ហើយ ក៏មានសេចក្តីទុក្ខ តូចចិត្ត បាត់អំពីទីនោះទៅ ។