សេលាសូត្រទី ៩

ក្បាលទី 20 · ទំព័រ 28

ទៀបក្រុងសាវត្ថី … គ្រានោះ សេលាភិក្ខុនី ស្លៀកដណ្តប់ក្នុង បុព្វណ្ហសម័យ ។ បេ ។ អង្គុយសម្រាកក្នុងវេលាថ្ងៃ ក្រោមម្លប់ឈើមួយ ។ មារមានចិត្តបាប ញ៉ាំងភ័យឲ្យកើតឡើងដល់សេលាភិក្ខុនី ។ បេ ។ បានពោលគាថានឹងសេលាភិក្ខុនីថា ពុម្ព គឺអត្តភាពនេះ អ្នកណាតាក់តែងឡើង បុគ្គលតាក់តែង នូវពុម្ព ឋិតនៅក្នុងទីណាខ្លះ ពុម្ពកើតឡើងក្នុងទីណាខ្លះ ពុម្ព រលត់ទៅក្នុងទីណាខ្លះ ។ លំដាប់នោះ សេលាភិក្ខុនីមានសេចក្តីត្រិះរិះ យ៉ាងនេះថា អ្នក នេះជាអ្វីហ្ន៎ ជាមនុស្ស ឬជាអមនុស្ស ( មក ) ពោលគាថាដូច្នេះ ។ ទើប សេលាភិក្ខុនីមានសេចក្តីចូលចិត្តដូច្នេះថា នេះពិតជាមារមានចិត្តបាប មាន ប្រាថ្នាញ៉ាំងភ័យ សេចក្តីតក់ស្លុត និងសេចក្តីព្រឺរោមឲ្យកើតឡើងដល់អាត្មាអញ មានប្រាថ្នាឲ្យអាត្មាអញឃ្លាតចាកសមាធិ បានជាពោលគាថា ។ លុះ សេលាភិក្ខុនី ដឹងច្បាស់ថា នេះជាមារមានចិត្តបាបហើយ ក៏ពោលគាថាទាំងឡាយ នឹងមារមានចិត្តបាបថា ពុម្ពនេះ ឥតមានអ្នកណាតាក់តែងទេ អឃៈនេះឥតមានអ្នកណា ធ្វើទេ កើតឡើងបានព្រោះអាស្រ័យហេតុ រលត់ទៅវិញ ព្រោះបែកធ្លាយនៃហេតុ ដូចជាពូជណាមួយ ដែលគេព្រោះក្នុង ស្រែ រមែងដុះឡើងបាន ព្រោះអាស្រ័យនូវធម្មជាត ២ យ៉ាង គឺរសនៃផែនដី ១ ជ័រ ១ យ៉ាងណាមិញ ធម៌ទាំងនេះ គឺខន្ធ ធាតុ និងអាយតនៈ ៦ កើតឡើងបាន ព្រោះអាស្រ័យហេតុ រលត់ទៅវិញ ព្រោះបែកធ្លាយនៃហេតុ យ៉ាងនោះឯង ។ លំដាប់នោះ មារមានចិត្តបាបដឹងថា សេលាភិក្ខុនីស្គាល់នូវអញហើយក៏ មានសេចក្តីទុក្ខ តូចចិត្ត បាត់អំពីទីនោះទៅ ។