អដ្ឋកថា អាយាចនសូត្រទី ១
ក្នុងអាយាចនសូត្រទី ១ នៃអាយាចនវគ្គទី ១ មានវិនិច្ឆ័យដូចតទៅ នេះ បទថា បរិវិតក្កោ ឧទបទិ សេចក្តីថា បរិវិតក្កៈតាមផ្លូវចិត្តដែល ព្រះពុទ្ធគ្រប់ព្រះអង្គធ្លាប់សន្សំអប់រំមក កើតឡើង ដូច្នេះ ។ សួរថា កើតឡើង ក្នុងកាលណា ឆ្លើយថា កើតក្នុងសប្តាហ៍ទី ៨ ដែលព្រះអង្គត្រាស់ ជាព្រះពុទ្ធ ទ្រង់ទំពាឈើស្ទន់ និងចំណិតសម៉ជាឱសថ ដែលសក្កទេវរាជ នាំមក ថ្វាយនៅនាដើមកែស ទ្រង់ខ្ពុរព្រះឱស្ឋហើយ សោយបិណ្ឌបាតរបស់តបុស្ស និងភល្លិក ក្នុងបាត្រថ្មកាត់ថ្លៃមិនបាន ដែលស្តេចចតុលោកបាលយកមកថ្វាយ ហើយទ្រង់យាងត្រឡប់មកប្រថាប់ គង់ត្រង់ដើមអជបាលនិគ្រោធ ។ បទថា អធិគតោ ប្រែថា បានត្រាស់ដឹងហើយ ។ បទថា ធម្មោ បាន ដល់ ធម៌ គឺសច្ចៈ ៤ ។ បទថា គម្ភីរោ នេះ ជាបទហាមសេចក្តីដែលរាក់ ។ បទថា ទុទ្ទសោ សេចក្តីថា ឈ្មោះថា ឃើញបានដោយកម្រ គឺឃើញបាន ដោយកម្រ ដែលអ្នកណាម្នាក់ មិនអាចឃើញបានដោយងាយ ព្រោះជ្រាលជ្រៅ ឈ្មោះថាត្រាស់ដឹងបានដោយកម្រ គឺគប្បីត្រាស់ដឹងបានដោយកម្រ ព្រោះ ឃើញបានដោយកម្រ អ្នកណាម្នាក់ មិនអាចនឹងត្រាស់ដឹងបានដោយងាយ ។ បទថា សន្តោ បានដល់ រលត់ឥតសេសសល់ ។ បទថា បណីតោ បាន ដល់ មិនចេះឆ្អែត ។ ទាំងពីរបទនេះ លោកពោលសំដៅយកលោកុត្តរ បុណ្ណោះ ។ បទថា អតក្កាវចរោ សេចក្តីថា នឹងគប្បីស្វែងរក នឹងគប្បី ស្ទង់មើលដោយសេចក្តីត្រិះរិះមិនបាន គប្បីស្វែងរកបានដោយញាណ បុណ្ណោះ ។ បទថា និបុណោ បានដល់ ល្អិត ។ បទថា បណ្ឌិតវេទនីយោ បានដល់ មានតែបណ្ឌិតអ្នកបដិបត្តិដោយប្រពៃ ទើបត្រាស់ដឹងបាន ។ បទថា អាលយរាមា សេចក្តីថា សត្វទាំងឡាយជាប់នៅក្នុងអាល័យ គឺកាមគុណ ៥ ព្រោះហេតុនោះ ទើបសត្វទាំងនោះ លោកហៅថា អាលយា ។