អដ្ឋកថា គារវសូត្រទី ២
ក្នុងគារវសូត្រទី ២ មានវិនិច្ឆ័យដូចតទៅនេះ បទថា ឧទបទិ សេចក្តីថា សេចក្តីត្រិះរិះនេះកើតឡើងក្នុងសប្តាហ៍ទី ៥ ។ បទថា អគារវោ សេចក្តីថា វៀរសេចក្តីគោរពក្នុងបុគ្គលណាមួយ គឺទ្រង់មិនតាំងទុកនូវបុគ្គល ណាម្នាក់ ក្នុងឋានៈដែលគួរគោរព ។ បទថា អប្បតិស្សោ សេចក្តីថា វៀរ សេចក្តីកោតក្រែង គឺមិនតាំងទុកនូវបុគ្គលណាម្នាក់ ក្នុងឋានៈជាអ្នកចម្រើន បំផុត ។ ក្នុងបទថា សទេវកេ ជាដើម មានវិនិច្ឆ័យថា ព្រមទាំងទេវតា ទាំងឡាយ ឈ្មោះថា សទេវក ។ កាលកាន់យកពួកមារ និងព្រហ្ម ដោយ ទេវ សព្ទ ក្នុងពាក្យនេះ វសវត្តីមាររមែងមានអំណាចដូចមារ និងព្រហ្មទាំងអស់ ធម្មតាព្រហ្មមានអានុភាពច្រើន ប្រើម្រាមដៃមួយផ្សាយរស្មីទៅបានមួយ ចក្រវាឡ ប្រើម្រាមដៃពីរ ផ្សាយរស្មីទៅ ២ ចក្រវាឡ ។ បេ ។ ប្រើម្រាមដៃ ១០ ផ្សាយ រស្មីទៅមួយហ្មឺនចក្រវាឡ ។ ព្រហ្មដែលមានអានុភាពច្រើននោះ កុំពោលនឹងគ្នាថា មានសីលល្អជាងព្រះមានព្រះភាគនេះ ដូច្នោះ ទើបត្រាស់ ដោយបែងចែកថា សមារកេ សព្រហ្មកេ ដូច្នេះ ។ មួយវិញទៀត ធម្មតា សមណៈទាំងឡាយ ជាពហូសូតដោយចេះនិកាយមួយជាដើម មានសីល ជាបណ្ឌិត សូម្បីព្រាហ្មណ៍ទាំងឡាយ ជាពហូសូតដោយចេះវិជ្ជាមើលទីដីជាដើម សមណព្រាហ្មណ៍ជាបណ្ឌិតទាំងនោះ កុំពោលនឹងគ្នាថា ល្អជាងព្រះមាន ព្រះភាគអង្គនេះ ដូច្នោះ ទើបត្រាស់ថា សស្សមណព្រាហ្មណិយា បជាយ ដូច្នេះ ។ បទថា សទេវមនុស្សាយ នេះ ត្រាស់រួបរួមដើម្បីសម្តែងឲ្យអស់ ។ ម្យ៉ាងទៀត ក្នុងពាក្យនេះ ៣ បទខាងដើម ត្រាស់ដោយសំដៅយកលោក ។