ព្រហ្មទេវសូត្រទី ៣
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងអារាមឈ្មោះជេតពន របស់អនាថបិណ្ឌិកគហបតី ទៀបក្រុង សាវត្ថី ។ ក៏សម័យនោះឯង កូនប្រុសរបស់នាងព្រាហ្មណីមួយនាក់ ឈ្មោះ ព្រហ្មទេព បានចូលទៅកាន់ផ្នួស ក្នុងសម្នាក់ព្រះមានព្រះភាគ ។ គ្រានោះ ព្រហ្មទេពមានអាយុ ចៀសចេញទៅតែម្នាក់ឯង ជាអ្នកមិនប្រមាទ មាន ព្យាយាមដុតកម្តៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន កុលបុត្តទាំងឡាយ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួសដោយប្រពៃ ដើម្បីប្រយោជន៍ដល់ អនុត្តរធម៌ណា ក៏បានធ្វើឲ្យជាក់ច្បាស់ បានដល់ដោយប្រាជ្ញាដ៏ឧត្តម ដោយ ខ្លួនឯង ក្នុងបច្ចុប្បន្ន ចំពោះអនុត្តរធម៌នោះ ដែលជាទីបំផុតនៃព្រហ្មចរិយៈ ដោយមិនយូរប៉ុន្មាន ហើយសម្រេចសម្រាន្តនៅដោយឥរិយាបថទាំង ៤ ក៏ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញបានប្រព្រឹត្តគ្រប់គ្រាន់ ហើយ សោឡសកិច្ចអាត្មាអញធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ ។ បណ្តាព្រះអរហន្ត ទាំងឡាយ ព្រះព្រហ្មទេពមានអាយុ ក៏ជាព្រះអរហន្តមួយអង្គដែរ ។ ទើបព្រះព្រហ្មទេពមានអាយុ ស្លៀកស្បង់ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យចូលទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថី កាលកំពុងត្រាច់ទៅ បិណ្ឌបាតតាមលំដាប់ច្រក ក្នុងក្រុងសាវត្ថី ក៏ចូលសំដៅទៅកាន់ផ្ទះមាតារបស់ ខ្លួន ។ ក៏ក្នុងសម័យនោះ នាងព្រាហ្មណីជាមាតារបស់ព្រះព្រហ្មទេពមានអាយុ តែងរៀបចំនូវគ្រឿងបូជា ជានិច្ចដល់ព្រហ្ម ។