អដ្ឋកថា បមាទសូត្រទី ៦

ក្បាលទី 20 · ទំព័រ 96

ក្នុងបមាទសូត្រទី ៦ មានវិនិច្ឆ័យដូចតទៅនេះ បទថា បច្ចេកំ ទ្វារពាហំ សេចក្តីថា ឈរអែបនឹងសន្លឹកទ្វារ ដូចអ្នកយាមទ្វារស្រុក ។ បទថា ឥទ្ធោ សេចក្តីថា ដល់ព្រមដោយសុខក្នុងឈាន ។ បទថា ផីតោ បានដល់ រីកស្គុសស្គាយដោយផ្កា គឺអភិញ្ញា ។ បទថា អនធិវាសេន្តោ បានដល់ អត់ធន់មិនបាន ។ បទថា ឯតទវោច សេចក្តីថា អង្គុយក្នុងចំណោមព្រហ្មនិម្មិត ទាំងនោះ បានពោលពាក្យនេះថា បស្សសិ មេ ជាដើម ។ ក្នុងគាថាថា តយោ សុបណ្ណា ជាដើម មានវិនិច្ឆ័យដូចតទៅ នេះ បទថា សត ក្នុងបទថា បញ្ចសតា គប្បីប្រកបដោយរូប ឬដោយជួរ ។ នឹងពោលដោយរូបមុន ។ បទថា តយោ សុបណ្ណា បានដល់ រូបគ្រុឌ ៣០០ ។ បទថា ចតុរោ ច ហំសា បានដល់ រូបហង្ស ៤០០ ។ បទថា ព្យគ្ឃីនិសា បញ្ចសតា បានដល់ ម្រឹគផ្សេងៗ ដូចជាខ្លាធំជាដើម ឈ្មោះថា ព្យគ្ឃីនិសា រូបម្រឹគ ដូចជាខ្លាធំទាំងនោះ មានចំនួន ៥០០ ។ ពោលដោយ ជួរ ។ បទថា តយោ សុបណ្ណា បានដល់ គ្រុឌ ៣០០ ជួរ ។ បទថា ចតុរោ ហំសា បានដល់ ហង្ស ៤០០ ជួរ ។ បទថា ព្យគ្ឃីនិសា បញ្ចសតា បានដល់ ម្រឹគ មានខ្លាធំជាដើម ៥០០ ជួរ ។ ដោយបទថា ឈាយិនោ ព្រហ្មសម្តែងថា ក្នុងវិមានរបស់ខ្ញុំ មានអ្នកបានឈាន មាន សភាពរុងរឿងយ៉ាងនេះ ។ បទថា ឱភាសយំ បានដល់ ពន្លឺភ្លឺស្វាង ។ បទថា ឧត្តរស្សំ ទិសាយំ សេចក្តីថា បានឮថា វិមានមាសធំនោះ ប្រាកដ ក្នុងទិសឧត្តរ អំពីទីដែលមហាព្រហ្មទាំងនោះស្ថិតនៅ ព្រោះហេតុនោះ ទើប ពោលយ៉ាងនេះ ។ ព្រហ្មនោះ មានបំណងដូច្នេះថា អញនៅក្នុងវិមានមាស បែបនេះ នឹងទៅកាន់ទីបម្រើបុគ្គលណាហ្ន៎ ។