ទុតិយកោកាលិកសូត្រទី ១០

ក្បាលទី 20 · ទំព័រ 107

ទៀបក្រុងសាវត្ថី … លំដាប់នោះឯង កោកាលិកភិក្ខុ ចូលទៅ គាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ ហើយ អង្គុយក្នុងទីដ៏សមគួរ ។ លុះកោកាលិកភិក្ខុអង្គុយក្នុងទីដ៏សមគួរហើយ បាន ក្រាបទូលព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន សារីបុត្ត និង មោគ្គល្លាន ជាអ្នកប្រាថ្នាលាមក ប្រព្រឹត្តទៅតាមអំណាចសេចក្តីប្រាថ្នាលាមក ។ កាលបើកោកាលិកភិក្ខុ ក្រាបទូលយ៉ាងនេះហើយ ព្រះមាន ព្រះភាគ ទ្រង់ត្រាស់នឹងកោកាលិកភិក្ខុ យ៉ាងនេះថា ម្នាលកោកាលិកៈ អ្នក កុំនិយាយយ៉ាងនេះឡើយ ម្នាលកោកាលិកៈ អ្នកកុំនិយាយយ៉ាងនេះឡើយ ម្នាលកោកាលិកៈ អ្នកចូរញ៉ាំងចិត្តឲ្យជ្រះថ្លា ក្នុងសារីបុត្ត និងមោគ្គល្លានចុះ ព្រោះសារីបុត្ត និងមោគ្គល្លាន មានសីលជាទីស្រឡាញ់ ។ កោកាលិកភិក្ខុ ក្រាបទូលព្រះមានព្រះភាគ ជាគម្រប់ ២ ដងយ៉ាងនេះថា បពិត្រព្រះអង្គដ៏ ចម្រើន បុគ្គលដែលគួរជឿ គួរប្រតិបត្តិតាមរបស់ខ្ញុំមានស្រាប់ហើយ សារីបុត្ត និងមោគ្គល្លាន ជាអ្នកប្រាថ្នាលាមកពិតៗ ប្រព្រឹត្តទៅតាមអំណាចនៃសេចក្តី ប្រាថ្នាដ៏លាមក ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងកោកាលិកភិក្ខុ ជាគម្រប់ ២ ដងយ៉ាងនេះថា ម្នាលកោកាលិកៈ អ្នកកុំនិយាយយ៉ាងនេះឡើយ ម្នាល កោកាលិកៈ អ្នកកុំនិយាយយ៉ាងនេះឡើយ ម្នាលកោកាលិកៈ អ្នកចូរញ៉ាំងចិត្ត ឲ្យជ្រះថ្លាក្នុងសារីបុត្ត និងមោគ្គល្លានទៅចុះ ព្រោះសារីបុត្ត និងមោគ្គល្លាន មានសីលជាទីស្រឡាញ់ ។