ព្រហ្មបញ្ចកៈសនង្កុមារសូត្រទី ១
ព្រហ្មបញ្ចក ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្បែរឆ្នេរស្ទឹង ឈ្មោះសប្បិនី ទៀបក្រុងរាជគ្រឹះ ។ លំដាប់នោះឯង កាលវេលារាត្រីបឋមយាមកន្លងទៅហើយ ព្រហ្មឈ្មោះសនង្កុមារ មានរស្មី ដ៏ល្អ ញ៉ាំងឆ្នេរស្ទឹងសប្បិនីទាំងមូលឲ្យភ្លឺស្វាង រួចចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយឈរក្នុងទី សមគួរ ។ លុះសនង្កុមារព្រហ្ម ឈរនៅក្នុងទីដ៏សមគួរហើយ បានពោល គាថានេះ ក្នុងសម្នាក់ព្រះមានព្រះភាគថា ពួកជនដែលអាស្រ័យនូវគោត្រ មានតែក្សត្រប្រសើរបំផុតក្នុង ប្រជុំជន ចំណែកខីណាសវព្រាហ្មណ៍ អ្នកបរិបូណ៌ដោយវិជ្ជា និងចរណៈ ប្រសើរបំផុតក្នុងពួកទេវតា និងមនុស្ស ។ លុះសនង្កុមារព្រហ្ម បានពោលគាថានេះហើយ ព្រះសាស្តា ទ្រង់ពេញព្រះហបឫទ័យ ។ លំដាប់នោះឯង សនង្កុមារព្រហ្មដឹងថា ព្រះសាស្តា របស់អាត្មាអញ ទ្រង់ពេញព្រះហបឫទ័យ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយក៏បាត់អំពីទីនោះទៅ ។