អដ្ឋកថា ព្រហ្មបញ្ចកៈសនង្កុមារសូត្រទី ១

ក្បាលទី 20 · ទំព័រ 119

ក្នុងសនង្កុមារសូត្រទី ១ នៃព្រហ្មបញ្ចកវគ្គទី ២ មានវិនិច្ឆ័យ ដូចតទៅនេះ បទថា សប្បិនីតរេ សេចក្តីថា ទៀបឆ្នេរស្ទឹង ឈ្មោះសប្បិនី ។ បទថា សនង្កុមារោ សេចក្តីថា បានឮថា សនង្កុមារព្រហ្ម នោះ ក្នុងវេលាជាបញ្ចសិខកុមារ ( កុមារដែលមានជុក ៥ ) ចម្រើនឈានកើត ក្នុងព្រហ្មលោក ត្រាច់ទៅដោយភេទជាកុមារនុ៎ះឯង ។ ហេតុនោះ ទើបជនទាំងឡាយស្គាល់ព្រហ្មនុ៎ះថា កុមារ ។ តែព្រោះព្រហ្មនុ៎ះជាមនុស្សចាស់ ទើបនាំគ្នា ហៅថា សនង្កុមារ ។ បទថា ជនេតស្មឹ បានដល់ ក្នុងប្រជុំជន អធិប្បាយថា ក្នុងពួកជន ។ បទថា យេ គោត្តបដិសារិនោ សេចក្តីថា ក្នុងពួកជនដែល រង្កៀសគ្នា ព្រោះរឿងគោត្រទាំងនោះ ក្នុងលោក ក្សត្រជាអ្នកប្រសើរបំផុត ។ បទថា វិជ្ជាចរណសម្បន្នោ សេចក្តីថា ប្រកបដោយវិជ្ជា ៣ មានបុព្វេនិវាសានុស្សតិញ្ញាណជាដើម ដោយបរិយាយនៃភយភេរវសូត្រ ឬវិជ្ជា ៨ គឺ វិបស្សនាញាណ មនោមយិទ្ធិ អភិញ្ញា ៦ ដោយបរិយាយនៃអម្ពដ្ឋសូត្រ និង ដោយចរណៈ ១៥ ប្រការយ៉ាងនេះ គឺភាពជាអ្នកធ្វើឲ្យបរិបូណ៌ក្នុងសីល ទាំងឡាយ ភាពជាអ្នករក្សាទ្វារ ក្នុងឥន្ទ្រិយទាំងឡាយ ភាពជាអ្នកស្គាល់ ប្រមាណក្នុងភោជន ជាគរិយានុយោគ សទ្ធម្ម ៧ រូបជ្ឈាន ៤ ។ បទថា សោ សេដ្ឋោ ទេវមានុសេ សេចក្តីថា ព្រាហ្មណ៍ជាព្រះខីណាស្រពនោះ ជាអ្នកប្រសើរបំផុត គឺខ្ពង់ខ្ពស់ក្នុងពួកទេវតា និងពួកមនុស្ស ។