អរុណវតីសូត្រទី ៤

ក្បាលទី 20 · ទំព័រ 128

សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅទៀបក្រុងសាវត្ថី ។ បេ ។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាល ភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះ ក៏ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា សូម ទ្រង់ព្រះមេត្តាប្រោស ។ ព្រះមានព្រះភាគ ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ កាលពីព្រេងនាយមក មានព្រះរាជាឈ្មោះអរុណវន្ត ។ ម្នាលភិក្ខុទាំងឡាយ ក៏ព្រះរាជាអរុណវន្ត មានរាជធានីឈ្មោះអរុណវតី ម្នាលភិក្ខុទាំងឡាយ កាល នោះ ព្រះមានព្រះភាគអរហន្តសម្មាសម្ពុទ្ធទ្រង់ព្រះនាមសិខី បានគង់អាស្រ័យ នូវអរុណវតីរាជធានី ។ ម្នាលភិក្ខុទាំងឡាយ សាវ័កមួយគូឈ្មោះ អភិភូ និង សម្ភវៈ ជាគូដ៏ប្រសើរ ជាគូដ៏ចម្រើន របស់ព្រះសិខីមានព្រះភាគអរហន្តសម្មាសម្ពុទ្ធ ។ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលនោះ ព្រះសិខីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ បានត្រាស់ហៅភិក្ខុឈ្មោះអភិភូថា ម្នាលព្រាហ្មណ៍ មក យើងនឹងចូលទៅកាន់ព្រហ្មលោកណាមួយ ទម្រាំដល់ពេលភត្ត ។ ម្នាលភិក្ខុ ទាំងឡាយ អភិភូភិក្ខុ ទទួលព្រះពុទ្ធដីកាព្រះសិខី មានព្រះភាគអរហន្តសម្មាសម្ពុទ្ធថា ព្រះករុណាព្រះអង្គ ។ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលនោះ ព្រះសិខី មានព្រះភាគអរហន្តសម្មាសម្ពុទ្ធ និងអភិភូភិក្ខុ ក៏បាត់អំពីអរុណវតី រាជធានី ទៅប្រាកដក្នុងព្រហ្មលោកនោះ ដូចជាបុរសមានកម្លាំង លាចេញនូវ ដៃដែលបត់ចូល ឬបត់ចូលនូវដៃដែលលាចេញ ។ ម្នាលភិក្ខុទាំងឡាយ ក្នុង លំដាប់នោះ ព្រះសិខីមានព្រះភាគអរហន្តសម្មាសម្ពុទ្ធ ត្រាស់នឹងអភិភូភិក្ខុ ថា ម្នាលព្រាហ្មណ៍ អ្នកចូរសម្តែងនូវធម្មីកថាដល់ព្រហ្មផង ដល់បរិសទ្យរបស់ ព្រហ្មផង ដល់អ្នកបម្រើរបស់ព្រហ្មផង ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខ