ធនញ្ជានីសូត្រទី ១
ខ្ញុំបានស្តាប់យ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់ គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ ។ សម័យ នោះឯង នាងព្រាហ្មណី ឈ្មោះធនញ្ជានី ( ជាភរិយា ) នៃព្រាហ្មណ៍ម្នាក់ ជាភារទ្វាជគោត្រ នាងជ្រះថ្លាក្រៃពេកក្នុងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ។ លំដាប់នោះឯង នាងធនញ្ជានីព្រាហ្មណី កំពុងចាត់ចែង ភត្ត ដើម្បីព្រាហ្មណ៍ភារទ្វាជគោត្រ ក៏ភ្លាត់បន្លឺនូវឧទាន ៣ ដងថា សូមថ្វាយបង្គំ ព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធអង្គនោះ សូមថ្វាយបង្គំព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធអង្គនោះ ។ កាលបើនាងព្រាហ្មណី ពោលយ៉ាង នេះហើយ ព្រាហ្មណ៍ភារទ្វាជគោត្រ និយាយនឹងនាងធនញ្ជានីព្រាហ្មណីយ៉ាង នេះថា មេចង្រៃនេះ ធ្លាប់តែអចឹងៗ ហានពោលសរសើរសមណៈត្រងោល ក្នុងទីផ្តេសផ្តាស នែមេចង្រៃ អញនឹងលើកនូវវាទៈ ចំពោះគ្រូរបស់ហងឯងនោះ ក្នុងកាលឥឡូវនេះ ។ ម្នាលព្រាហ្មណ៍ ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក មនុស្សលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ និងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ខ្ញុំមិនដែលឃើញអ្នកណា អាច លើកនូវវាទៈចំពោះព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធនោះបានទេ ម្នាល ព្រាហ្មណ៍ តែថា អ្នកចូរទៅចុះ លុះទៅហើយ គង់តែនឹងដឹងទេ ។ គ្រានោះឯង ព្រាហ្មណ៍ភារទ្វាជគោត្រ ខឹងអន់ចិត្ត ចូលទៅរក ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ធ្វើសេចក្តីរីករាយជាមួយនឹង ព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួរនិយាយ និងពាក្យដែលគួររពឫកហើយក៏ អង្គុយនៅក្នុងទីសមគួរ ។ លុះព្រាហ្មណ៍ភារទ្វាជគោត្រ អង្គុយក្នុងទី សមគួរហើយ បានពោលនឹងព្រះមានព្រះភាគ ដោយគាថាថា បុគ្គលកាត់បង់នូវអ្វី ទើបដេកជាសុខ បុគ្គលកាត់បង់