អសុរិន្ទកសូត្រទី ៣
សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ ។ អសុរិន្ទកភារទ្វាជព្រាហ្មណ៍ បានឮ ដំណឹងថា ព្រាហ្មណ៍ភារទ្វាជគោត្រ ចេញចាកផ្ទះចូលទៅកាន់ផ្នួស ក្នុងសម្នាក់ ព្រះសមណគោតមហើយ ក៏ក្រោធខឹង អន់ចិត្ត ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ជេរគំរាមព្រះមានព្រះភាគ ដោយវាចាជាអសប្បុរស ដ៏អាក្រក់ ។ កាលបើអសុរិន្ទកព្រាហ្មណ៍ជេរ យ៉ាងនេះហើយ ព្រះមាន ព្រះភាគ ក៏នៅតែស្ងៀម ។ លំដាប់នោះឯង អសុរិន្ទកភារទ្វាជព្រាហ្មណ៍ បានពោលនឹងព្រះមានព្រះភាគ យ៉ាងនេះថា នែសមណៈ យើងឈ្នះអ្នកឯង ហើយ នែសមណៈ យើងឈ្នះអ្នកឯងហើយ ។ ព្រះមានព្រះភាគត្រាស់ថា បុគ្គលពាលពោលនូវផរុសវាចា តែងសម្គាល់ថាជ័យជម្នះ តែថា សេចក្តីអត់ធន់ជាជ័យជម្នះ របស់អ្នកប្រាជ នោះ អ្នកណាក្រោធតបនឹងបុគ្គលអ្នកក្រោធ អ្នកនោះឯង រមែងមានសេចក្តី អាក្រក់ ព្រោះសេចក្តីក្រោធនោះ បុគ្គលមិនក្រោធតប នឹងបុគ្គលអ្នកក្រោធ ឈ្មោះថា ឈ្នះសង្រ្គាមដែលគេឈ្នះបានដោយកម្រ អ្នកណាដឹងថា អ្នកដទៃ ក្រោធនឹងខ្លួន ហើយមានស្មារតីរម្ងាប់សេចក្តីក្រោធបាន អ្នកនោះ ឈ្មោះថា ប្រព្រឹត្តនូវប្រយោជន៍ដល់ជនទាំង ២ នាក់ គឺខ្លួន និងអ្នកដទៃ បណ្តាជនទាំង ២ នាក់ គឺខ្លួន និងអ្នកដទៃ ដែលជាអ្នករក្សាសេចក្តីសុខ ជនទាំងឡាយដែល មិនឈ្លាសក្នុងធម៌ រមែងសម្គាល់អ្នកដែលអត់ធន់នោះ ថាជាមនុស្សពាល ។