ពិលង្គិកសូត្រទី ៤

ក្បាលទី 20 · ទំព័រ 161

សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ ។ ពិលង្គិកភារទ្វាជព្រាហ្មណ៍ បានឮ ដំណឹងថា ព្រាហ្មណ៍ភារទ្វាជគោត្រ ចេញចាកផ្ទះចូលទៅកាន់ផ្នួស ក្នុង សម្នាក់ព្រះសមណគោតម ក៏ក្រោធខឹង អន់ចិត្ត ចូលទៅរកព្រះមាន ព្រះភាគ លុះចូលទៅដល់ហើយ ក៏ឈរស្ងៀមក្នុងទីសមគួរ ។ លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់ជ្រាបនូវសេចក្តី ត្រិះរិះក្នុងចិត្តនៃពិលង្គិកភារទ្វាជព្រាហ្មណ៍ ដោយប្រពៃហើយ ទ្រង់ត្រាស់នឹង ពិលង្គិកភារទ្វាជព្រាហ្មណ៍ ដោយគាថាថា បុគ្គលពាលណា ប្រទូស្តចំពោះជន ដែលមិនបានប្រទូស្ត ជាសត្វដ៏ស្អាត មិនមានទីទួល គឺកិលេស បាបរមែង ត្រឡប់មកត្រូវបុគ្គលពាលនោះវិញ ដូចជាធូលីដ៏ល្អិតដែល គេបាចច្រាសខ្យល់ ។ កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ពិលង្គិកភារទ្វាជព្រាហ្មណ៍ បានក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រ ព្រះគោតមដ៏ចម្រើន ច្បាស់ណាស់ បពិត្រព្រះគោតមដ៏ចម្រើន ច្បាស់ណាស់ ។ បេ ។ ខ្ញុំព្រះអង្គនេះ សូមដល់នូវព្រះគោតមដ៏ចម្រើនផង ព្រះធម៌ផង ព្រះភិក្ខុ សង្ឃផង ជាទីពឹងទីរពឫក ខ្ញុំព្រះអង្គសូមបាននូវបព្វជ្ជា ក្នុងសម្នាក់ព្រះគោតម ដ៏ចម្រើន ។ បេ ។ បានធ្វើឲ្យជាក់ច្បាស់ សម្រេចដោយប្រាជ្ញាដ៏ឧត្តមនៃខ្លួនឯង ក្នុងបច្ចុប្បន្ននូវអនុត្តរធម៌នោះ ដែលជាទីបំផុតនៃព្រហ្មចរិយៈ ហើយដឹងច្បាស់ ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញបានធ្វើហើយ មគ្គភាវនាកិច្ចដទៃ ដើម្បីសោឡសកិច្ចនេះទៀតមិនមាន ឡើយ ។ បណ្តាព្រះអរហ្តទាំងឡាយ ព្រះភារទ្វាជៈមានអាយុ ក៏ជាព្រះអរហន្ត មួយអង្គដែរ ។