អហឹសកសូត្រទី ៥
សាវត្ថីនិទាន ។ លំដាប់នោះឯង អហឹសកភារទ្វាជព្រាហ្មណ៍ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹង ព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួរ រពឫកហើយ ក៏អង្គុយក្នុងទីសមគួរ ។ លុះអហឹសកភារទ្វាជព្រាហ្មណ៍ អង្គុយក្នុងទីដ៏សមគួរហើយ បានពោលនូវពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចម្រើន ខ្ញុំព្រះអង្គឈ្មោះអហឹសកៈ បពិត្រព្រះគោតមដ៏ ចម្រើន ខ្ញុំព្រះអង្គឈ្មោះអហឹសកៈ ។ ព្រះអង្គត្រាស់ថា ប្រសិនបើឈ្មោះអ្នកឯង ពិតដូច្នោះមែន អ្នកឯង គួរជាអ្នកមិនបៀតបៀន ព្រោះថា បុគ្គលណា មិនបៀតបៀន ដោយកាយវាចាចិត្ត បុគ្គលនោះ ទើបឈ្មោះថា អហឹសកៈ មួយទៀត បើ បុគ្គលណា មិនសម្លាប់សត្វដទៃ បុគ្គលនោះ ឈ្មោះថា អហឹសកៈ ។ កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ អហឹសកភារទ្វាជព្រាហ្មណ៍ បានពោលនូវពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រ ព្រះគោតមដ៏ចម្រើន ច្បាស់ណាស់ ។ បេ ។ បានដឹងច្បាស់ ។ បណ្តាព្រះអរហន្ត ទាំងឡាយ ព្រះភារទ្វាជៈមានអាយុ ក៏ជាព្រះអរហន្តមួយអង្គដែរ ។