អដ្ឋកថា អហឹសកសូត្រទី ៥

ក្បាលទី 20 · ទំព័រ 165

ក្នុងអហឹសកសូត្រទី ៥ មានវិនិច្ឆ័យដូចតទៅនេះ បទថា អហឹសកភារទ្វាជោ បានដល់ ព្រាហ្មណ៍ឈ្មោះថាអហឹសកភារទ្វាជៈនោះ ។ បុន្តែព្រាហ្មណ៍នោះ សួរអហឹសកប្បញ្ញា ។ ព្រោះហេតុនោះ ទើបព្រះសង្គីតិកាចារ្យទាំងឡាយបានតាំងឈ្មោះគាត់ដូច្នោះ ។ ម្យ៉ាងទៀត ព្រាហ្មណ៍នោះ ពោលដោយឈ្មោះ ឈ្មោះថា អហឹសក ពោលដោយគោត្រ ឈ្មោះថា ភារទ្វាជៈ ។ បទថា អហឹសកាហំ សេចក្តី ថា គាត់ពោលថា ព្រះសមណគោតមដ៏ចម្រើន ស្គាល់យើងថា យើង ឈ្មោះថា អហឹសកៈ ។ បទថា តថា ចស្ស កាត់បទជា តថា ចេ អស្ស សេចក្តីថា លោកគប្បីពោល ។ បទថា ន ហឹសតិ បានដល់ មិនបៀតបៀន គឺមិនឲ្យ ដល់នូវភាពលំបាកឡើយ ។