សុទ្ធិកសូត្រទី ៧

ក្បាលទី 20 · ទំព័រ 169

សាវត្ថីនិទាន ។ គ្រានោះឯង សុទ្ធិកភារទ្វាជព្រាហ្មណ៍ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែល គួររពឫកហើយ ក៏អង្គុយក្នុងទីសមគួរ ។ លុះសុទ្ធិកភារទ្វាជព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ បានពោលគាថានេះ ក្នុងសម្នាក់ព្រះមានព្រះភាគថា បុគ្គលដែលឈ្មោះថា ព្រាហ្មណ៍ពុំទាន់បរិសុទ្ធនៅឡើយទេ លុះតែបុគ្គលណាមួយក្នុងលោក ដែលមានសីលធ្វើនូវតបៈ ប្រកបដោយវិជ្ជា និងចរណៈ បុគ្គលនោះ ទើបឈ្មោះថា បរិសុទ្ធ ពួកសត្វឯទៀត ក្រៅពីនេះ រមែងមិនបរិសុទ្ធ ឡើយ ។ ព្រះអង្គត្រាស់ថា បុគ្គលកាលពោលនូវពាក្យច្រើន តែជា អ្នកជ្រោកជ្រាកសៅហ្មងខាងក្នុង អាស្រ័យដោយការកុហក ក៏មិនឈ្មោះថា ព្រាហ្មណ៍ព្រោះជាតិឡើយ ក្សត្រ ព្រាហ្មណ៍ វេស្សៈ សុទ្ទៈ ចណ្ឌាល អ្នក ចោលសំរាម ដែលមានព្យាយាមប្រារព្ធហើយ មានចិត្តបញ្ជូនទៅកាន់ព្រះ និព្វាន មានសេចក្តីប្រឹងប្រែងមាំមួនជានិច្ច រមែងដល់នូវសេចក្តីបរិសុទ្ធិ ដ៏ក្រៃលែងបាន ម្នាលព្រាហ្មណ៍ អ្នកចូរដឹងយ៉ាងនេះចុះ ។ កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ សុទ្ធិកភារទ្វាជព្រាហ្មណ៍ បានពោលនូវពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រ ព្រះគោតមដ៏ចម្រើន ច្បាស់ណាស់ បពិត្រព្រះគោតមដ៏ចម្រើន ច្បាស់ណាស់ ។ បេ ។ បណ្តាព្រះអរហន្តទាំងឡាយ ព្រះភារទ្វាជៈមានអាយុ ក៏ជាព្រះអរហន្ត មួយព្រះអង្គដែរ ។