អគ្គិកសូត្រទី ៨

ក្បាលទី 20 · ទំព័រ 172

សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ ។ សម័យនោះឯង អគ្គិកភារទ្វាជព្រាហ្មណ៍ លាយនូវបាយាសដោយសប្បិ ដោយបំណងថា អាត្មាអញនឹង បូជាភ្លើង នឹងបម្រើនូវការបូជាភ្លើង ។ លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់ស្បង់ប្រដាប់បាត្រ និង ចីវរ ក្នុងបុព្វណ្ហសម័យ ស្តេចចូលទៅបិណ្ឌបាត ក្នុងក្រុងរាជគ្រឹះ កាល ត្រាច់បិណ្ឌបាតតាមលំដាប់ផ្ទះ ក្នុងក្រុងរាជគ្រឹះហើយ ក៏ចូលទៅកាន់ផ្ទះរបស់ អគ្គិកភារទ្វាជព្រាហ្មណ៍ លុះចូលទៅដល់ហើយ ទ្រង់ឈរនៅក្នុងទីសមគួរ ។ អគ្គិកភារទ្វាជព្រាហ្មណ៍ បានឃើញព្រះមានព្រះភាគ កំពុង ទ្រង់ឈរដើម្បីបិណ្ឌបាត លុះឃើញហើយ ក៏ពោលនឹងព្រះមានព្រះភាគ ដោយ គាថាថា អ្នកណាបរិបូណ៌ដោយវិជ្ជា ៣ មានជាតិ ( ដ៏បរិសុទ្ធ ) ជា អ្នកចេះចាំគម្ពីរច្រើន ជាអ្នកបរិបូណ៌ដោយវិជ្ជាចរណៈ អ្នក នោះ ទើបគួរបរិភោគនូវបាយាសនេះបាន ។ ព្រះអង្គត្រាស់ថា បុគ្គលកាលពោលនូវពាក្យច្រើន តែជាអ្នកជ្រោកជ្រាកសៅហ្មងខាងក្នុង ត្រូវសេចក្តីកុហក រួបរឹតហើយ មិនឈ្មោះថា ព្រាហ្មណ៍ ព្រោះជាតិឡើយ អ្នកណាដឹងនូវខន្ធសន្តាន ដែលសត្វធ្លាប់អាស្រ័យនៅពីមុន ឃើញនូវសួគ៌ និងអបាយ មួយទៀត ជាអ្នកដល់នូវការអស់ ទៅនៃជាតិ ជាអ្នកប្រាជដល់នូវការសម្រេច ព្រោះត្រាស់ដឹង បាន ឈ្មោះថា តេវិជ្ជបុគ្គល ព្រោះវិជ្ជាទាំង ៣ នុ៎ះ ទាំង បរិបូណ៌ដោយវិជ្ជាចរណៈ ទើបឈ្មោះថា ព្រាហ្មណ៍ ព្រាហ្មណ៍នោះ គួរបរិភោគបាយាសនេះបាន ។ ព្រាហ្មណ៍ក្រាបទូលថា សូមព្រះគោតមដ៏ចម្រើន ជាព្រាហ្មណ៍ដ៏ចម្រើន បរិភោគចុះ ។