កសិសូត្រទី ១

ក្បាលទី 20 · ទំព័រ 207

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុងព្រាហ្មណគ្រាម ឈ្មោះឯកនាលា ក្នុងទក្ខិណាគិរិជនបទ នាដែន មគធៈ ។ សម័យនោះឯង កសិភារទ្វាជព្រាហ្មណ៍ បានតាក់តែងនង្គ័ល ប្រមាណ ៥០០ ក្នុងវេលាដែលព្រោះស្រូវ ។ លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់ស្បង់ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយស្តេចចូលទៅកាន់ការងាររបស់កសិភារទ្វាជព្រាហ្មណ៍ ។ សម័យនោះឯង ការអង្គាស ( លេងោភ្ញៀវ ) របស់ កសិភារទ្វាជព្រាហ្មណ៍ កំពុងប្រព្រឹត្តទៅ ។ លំដាប់នោះ ព្រះមានព្រះភាគ ស្តេចចូលទៅកាន់ការអង្គាស លុះចូលទៅដល់ហើយ ក៏ប្រថាប់នៅក្នុងទីសម គួរ ។ កសិភារទ្វាជព្រាហ្មណ៍ បានឃើញព្រះមានព្រះភាគ ដែលទ្រង់ឈរ បិណ្ឌបាត លុះឃើញហើយ ក៏បានពោលនូវពាក្យនេះនឹងព្រះមានព្រះភាគថា បពិត្រព្រះសមណៈ ខ្ញុំព្រះអង្គភ្ជួរផង ព្រោះផង លុះខ្ញុំព្រះអង្គភ្ជួរហើយ ព្រោះ ហើយ ទើបបរិភោគ បពិត្រព្រះសមណៈ ចំណែកព្រះអង្គចូរភ្ជួរផង ព្រោះផង លុះភ្ជួរហើយ ព្រោះហើយ ចូរបរិភោគចុះ ។ ម្នាលព្រាហ្មណ៍ តថាគត ភ្ជួរ ផង ព្រោះផង លុះតថាគតភ្ជួរហើយ ព្រោះហើយ ទើបបរិភោគដែរ ។ យើងខ្ញុំមិនឃើញនឹម ឬនង្គ័ល ផាល ឬជន្លួញ ឬគោទាំងឡាយរបស់ព្រះគោតម ដ៏ចម្រើនទេ តែថាព្រះគោតមដ៏ចម្រើន ពោលយ៉ាងនេះថា ម្នាលព្រាហ្មណ៍ តថាគតភ្ជួរផង ព្រោះផង លុះតថាគតភ្ជួរហើយ ព្រោះហើយ ទើបបរិភោគដែរ ។ លំដាប់នោះ កសិភារទ្វាជព្រាហ្មណ៍ បានពោលនឹងព្រះមាន ព្រះភាគដោយគាថាថា ព្រះអង្គប្តេជ្ញាថា ជាអ្នកភ្ជួរ តែថា ខ្ញុំព្រះអង្គមិនដែល ឃើញនូវការភ្ជួររបស់ព្រះអង្គសោះ ខ្ញុំព្រះអង្គសូមសួរព្រះអង្គ ជាអ្នកភ្ជួរ សូមប្រាប់មក ធ្វើដូចម្តេច នឹងឲ្យយើងខ្ញុំដឹង នូវការភ្ជួរនោះបាន ។