អដ្ឋកថា កសិសូត្រទី ១

ក្បាលទី 20 · ទំព័រ 210

ក្នុងកសិសូត្រទី ១ នៃឧបាសកវគ្គទី ២ មានវិនិច្ឆ័យដូច្នេះ បទថា មគធេសុ បានដល់ ក្នុងជនបទដែលមានឈ្មោះយ៉ាងនោះ ។ បទថា ទក្ខិណាគិរិស្មឹ នោះឯង ជាឈ្មោះនៃវិហារក្នុងជនបទ ដែលមាននៅក្នុងទិស ខាងត្បូងនៃភ្នំ ដែលព័ទ្ធក្រុងរាជគ្រឹះ ។ បទថា ឯកនាលា ក្នុងបទថា ឯកនាលាយំ ព្រាហ្មណគាមេ នេះ ជាឈ្មោះនៃស្រុកនោះ ។ ឯពួកព្រាហ្មណ៍ ជាច្រើន អាស្រ័យនៅក្នុងស្រុកនោះ មានសេចក្តីរីករាយ ដោយការគ្រប់គ្រង របស់ព្រាហ្មណ៍ ព្រោះហេតុនោះ ទើបលោកហៅថា ព្រាហ្មណគ្រាម ។ បទថា តេន ខោ បន សមយេន សេចក្តីថា ព្រះមានព្រះភាគ ទ្រង់ អាស្រ័យព្រាហ្មណគ្រាម ឈ្មោះថា ឯកនាល ក្នុងមគធរដ្ឋ ទ្រង់រង់ចាំសេចក្តី ចាស់ក្លានៃឥន្ទ្រិយរបស់ព្រាហ្មណ៍ ក្នុងទក្ខិណាគិរីវិហារ អស់សម័យណា ក្នុងសម័យនោះ ។ បទថា កសិភារទ្វាជស្ស សេចក្តីថា ព្រាហ្មណ៍នោះ អាស្រ័យកសិកម្មចិញ្ចឹមជីវិត ហើយគោត្ររបស់គាត់ ឈ្មោះថា ភារទ្វាជៈ ។ បទថា បញ្ចមត្តានិ ប្រែថា មានប្រមាណ ៥ ។ លោកអធិប្បាយថា មាននង្គ័លប្រមាណ ៥០០ មិនលើសមិនខ្វះ ។ បទថា បយុត្តានិ ប្រែថា ប្រកបហើយ អធិប្បាយថា យកខ្សែចងកគោទាំងឡាយ ។ បទថា វប្បកាលេ បានដល់ ក្នុងវេលាព្រោះ គឺក្នុងសម័យព្រោះគ្រាប់ពូជ ។ ក្នុងការព្រោះនោះ មាន ២ យ៉ាង គឺព្រោះក្នុងស្រែដែលជាដីភក់ និងព្រោះក្នុងស្រែដែលជាដី ធម្មតា ការព្រោះក្នុងដីធម្មតានោះ លោកប្រាថ្នាយកក្នុងទីនេះ ។ ការព្រោះ ក្នុងដីធម្មតានោះឯង ជាការព្រោះដែលជាមង្គលក្នុងថ្ងៃដំបូង ក្នុងកិច្ចនោះត្រូវ មានគ្រឿងឧបករណ៍ដល់ព្រម គឺត្រូវប្រើគោដល់ទៅ ៣០០០ ក្បាល ។