ឧទយសូត្រទី ២

ក្បាលទី 20 · ទំព័រ 237

សាវត្ថីនិទាន ។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ស្តេចចូលទៅកាន់លំនៅរបស់ ឧទយព្រាហ្មណ៍ ។ លំដាប់នោះឯង ឧទយព្រាហ្មណ៍ យកបាយដាក់ពេញ បាត្រព្រះមានព្រះភាគ ។ ព្រះមានព្រះភាគ ទ្រង់ស្បង់ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ស្តេចចូលទៅកាន់លំនៅរបស់ឧទយព្រាហ្មណ៍ អស់វារៈ ២ ដង ។ ឧទយព្រាហ្មណ៍ ក៏យកបាយដាក់ពេញបាត្រព្រះមានព្រះភាគជាគម្រប់ ២ ដង ។ ព្រះមានព្រះភាគ ទ្រង់ស្បង់ប្រដាប់បាត្រ និងចីវរ ក្នុង បុព្វណ្ហសម័យ ស្តេចចូលទៅកាន់លំនៅ របស់ឧទយព្រាហ្មណ៍ ជាគម្រប់ ៣ ដង ។ ឧទយព្រាហ្មពណ៍ ក៏យកបាយដាក់ពេញបាត្រព្រះមានព្រះភាគជា គម្រប់ ៣ ដង ហើយពោលពាក្យនេះ នឹងព្រះមានព្រះភាគថា ព្រះសមណ គោតមនេះ ជាអ្នកជាប់ចិត្តក្នុងរស ទើបនិមន្តមករឿយៗ ។ ភ្លៀងបង្អុរចុះរឿយៗ ជនទាំងឡាយ ក៏ព្រោះពូជ រឿយៗ អ្នកភ្ជួររាស់ទាំងឡាយ ភ្ជួររាស់ស្រែរឿយៗ តែងនាំ ស្រូវទៅកាន់ដែនក៏រឿយៗ ស្មូមទាំងឡាយ សូមរឿយៗ ម្ចាស់ ទានទាំងឡាយក៏ឲ្យរឿយៗ លុះម្ចាស់ទានទាំងឡាយ ឲ្យរឿយៗ ហើយ រមែងទៅកាន់ឋានសួគ៌ក៏រឿយៗ អ្នករឺតទឹកដោះគោ ទាំងឡាយ រឺតរឿយៗ កូនគោក៏ចូលទៅរកមេគោរឿយៗ អ្នក ល្ងង់ខ្លៅលំបាកផង ញាប់ញ័រផងរឿយៗ តែងចូលទៅកាន់ គភ៌ក៏រឿយៗ ទាំងកើត ទាំងស្លាប់ក៏រឿយៗ គេនាំទៅកាន់ទី ស្មសានក៏រឿយៗ ចំណែកអ្នកមានបញ្ញាដូចជាផែនដី លុះ បាននូវមគ្គហើយ មិនកើតក្នុងភពថ្មីទៀត រឿយៗ ឡើយ ។ កាលព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ ឧទយព្រាហ្មណ៍ បានពោលពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះគោតម ដ៏ចម្រើន ច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចម្រើន ច្បាស់ពេកណាស់ ។ បេ ។ សូមព្រះគោតមដ៏ចម្រើន ចាំទុកនូវខ្ញុំព្រះអង