មានត្ថទ្ធសូត្រទី ៥

ក្បាលទី 20 · ទំព័រ 260

សាវត្ថីនិទាន ។ សម័យនោះឯង ព្រាហ្មណ៍ឈ្មោះមានត្ថទ្ធៈ ( អ្នកមានមានះរឹងរូស ) អាស្រ័យនៅក្នុងក្រុងសាវត្ថី ។ ព្រាហ្មណ៍នោះ មិន សំពះមាតា មិនសំពះបិតា មិនសំពះអាចារ្យ មិនសំពះបងឡើយ ។ សម័យនោះឯង ព្រះមានព្រះភាគ កំពុងមានបរិសទ្យច្រើន ចោមរោម ទ្រង់សម្តែងធម៌ ។ គ្រានោះ មានត្ថទ្ធព្រាហ្មណ៍ មានសេចក្តី ត្រិះរិះយ៉ាងនេះថា ព្រះសមណគោតមនេះឯង មានបរិសទ្យច្រើន ចោមរោម ទ្រង់សម្តែងធម៌ បើដូច្នោះ មានតែអាត្មាអញចូលទៅរកព្រះសមណគោតម ប្រសិនបើព្រះសមណគោតម និយាយនឹងអាត្មាអញ អាត្មាអញ ក៏និយាយ នឹងលោកវិញ បើព្រះសមណគោតម មិននិយាយនឹងអាត្មាអញទេ អាត្មាអញ ក៏មិននិយាយនឹងលោកវិញដែរ ។ លំដាប់នោះ មានត្ថទ្ធព្រាហ្មណ៍ ចូលទៅ រកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ បានឋិតនៅក្នុងទីសមគួរ ។ គ្រានោះ ព្រះមានព្រះភាគ មិនទ្រង់មានព្រះបន្ទូលរក ។ ទើបមានត្ថទ្ធព្រាហ្មណ៍ ចង់ត្រឡប់អំពីទីនោះវិញ ដោយគិតថា ព្រះសមណគោតមនេះ មិនដឹងអ្វីសោះ ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបនូវបរិវិតក្កៈ ក្នុងចិត្ត របស់មានត្ថទ្ធព្រាហ្មណ៍ ដោយព្រះហបឫទ័យរបស់ព្រះអង្គហើយ បានត្រាស់នឹង មានត្ថទ្ធព្រាហ្មណ៍ ដោយគាថាថា ម្នាលព្រាហ្មណ៍ មានះរបស់បុគ្គលណា ក្នុងលោកនេះ ម្នាល ព្រាហ្មណ៍ មានះនោះ មិនប្រពៃទេ បុគ្គលមកហើយដោយ ប្រយោជន៍ណា បុគ្គលត្រូវចម្រើន នូវប្រយោជន៍នោះឯង ។ លំដាប់នោះ មានត្ថទ្ធព្រាហ្មណ៍ដឹងថា ព្រះសមណគោតម ស្គាល់ចិត្តរបស់អាត្មាអញហើយក៏ ឱនក្បាលចុះទៀបព្រះយុគលបាទនៃព្រះមាន ព្រះភាគ ក្នុងទីនោះឯង ហើយជប់ព្រះបាទទាំងគូ របស់ព្រះមានព្រះភាគ ដោយមាត់ផង ច្របាច់ដោយដៃទាំង ២ ផង ប្រកាសនាមខ្លួនឯងថា បពិត្រ ព្រះគោតមដ៏ចម្រើន ខ្ញុំព្រះអង្គ