បច្ចនិកសូត្រទី ៦
សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់ អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះឯង ព្រាហ្មណ៍ ឈ្មោះ បច្ចនិកសាតៈ ( អ្នកមានសេចក្តីសុខជាសត្រូវ ) អាស្រ័យនៅក្នុងក្រុង សាវត្ថី ។ គ្រានោះ បច្ចនិកសាតព្រាហ្មណ៍ មានសេចក្តីត្រិះរិះយ៉ាងនេះថា បើដូច្នោះ មានតែអាត្មាអញ ចូលទៅរកព្រះសមណគោតម បើព្រះសមណគោតម នឹងពោលនូវពាក្យណាៗ អាត្មាអញគប្បីពោលទាស់នឹងពាក្យនោះៗ របស់លោក ។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់ចង្រ្កមក្នុងទីវាល ។ គ្រានោះ បច្ចនិកសាតព្រាហ្មណ៍ ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ ហើយ ក៏ដើរតាមព្រះមានព្រះភាគ ដែលកំពុងចង្រ្កម ក្រាបបង្គំទូលព្រះមាន ព្រះភាគ យ៉ាងនេះថា បពិត្រព្រះសមណៈ សូមព្រះអង្គសម្តែងធម៌ ។ ព្រះអង្គត្រាស់ថា បច្ចនិកសាតព្រាហ្មណ៍ មានចិត្តសៅហ្មង ច្រើនដោយការប្រណាំងប្រជែង មិនងាយនឹងដឹងសុភាសិតទេ លុះតែបុគ្គល ណា នាំចេញនូវការប្រណាំងប្រជែងផង នូវសេចក្តីមិនជ្រះថ្លានៃចិត្តផង លះបង់នូវគំនុំផង ទើបបុគ្គលនោះដឹងនូវសុភាសិតបាន ។ កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ បច្ចនិកសាតព្រាហ្មណ៍ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតម ដ៏ចម្រើន ច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចម្រើន ច្បាស់ពេកណាស់ ។ បេ ។ សូមព្រះគោតមដ៏ចម្រើន ជ្រាបនូវខ្ញុំព្រះអង្គថាជាឧបាសក ដល់នូវ ព្រះរតនត្រ័យជាទីពឹង ស្មើដោយជីវិត តាំងពីថ្ងៃនេះជាដើមរៀងទៅ ។