នវកម្មិកសូត្រទី ៧
សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងដងព្រៃ មួយ ក្នុងដែនកោសល ។ សម័យនោះឯង នវកម្មិកភារទ្វាជព្រាហ្មណ៍ ឲ្យ គេធ្វើការងារ ក្នុងដងព្រៃនោះ ។ នវកម្មិកភារទ្វាជព្រាហ្មណ៍ បានឃើញព្រះមាន ព្រះភាគ គង់ក្រោមម្លប់សាលព្រឹក្សមួយ ផ្គត់ព្រះភ្នែន តាំងព្រះកាយត្រង់ តម្កល់ព្រះស្មារតី ឆ្ពោះត្រង់ទៅរកព្រះកម្មដ្ឋាន ។ លុះឃើញហើយ ទើប នវកម្មិកព្រាហ្មណ៍ មានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញឲ្យគេធ្វើការងារ ក្នុងដងព្រៃនេះ កំពុងសប្បាយ ចុះព្រះសមណៈនេះ ឲ្យគេធ្វើការងារអ្វី សប្បាយដែរ ។ ទើបនវកម្មិកភារទ្វាជព្រាហ្មណ៍ ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏បានពោលនឹងព្រះមានព្រះភាគ ដោយគាថាថា នែភិក្ខុ លោកធ្វើការងារដូចម្តេច បានជាលោកមកនៅក្នុងព្រៃ សាលព្រឹក្ស ព្រះគោតមតែមួយអង្គទេ ចុះបានសេចក្តី ត្រេកអរណា ក្នុងព្រៃកើត ។ ព្រះអង្គត្រាស់ថា តថាគត មិនមានកិច្ចដែលត្រូវធ្វើក្នុងព្រៃ ទេ ព្រៃ គឺកិលេសជាសត្រូវ តថាគតបានដកឫសគល់អស់ហើយ តថាគត នោះជាបុគ្គលម្នាក់ឯង មិនមានព្រៃ គឺកិលេសទេ ទាំងសរ គឺកិលេសវិនាស អស់ហើយ តថាគតលះបង់នូវសេចក្តីអផ្សុកហើយ ទើបត្រេកអរក្នុងព្រៃបាន ។ កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ នវកម្មិកភារទ្វាជព្រាហ្មណ៍ បានក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះ គោតមដ៏ចម្រើន ច្បាស់ពេកណស់ បពិត្រព្រះគោតមដ៏ចម្រើន ច្បាស់ពេក ណាស់ ។ បេ ។ សូមព្រះគោតមដ៏ចម្រើន ជ្រាបនូវខ្ញុំព្រះអង្គថាជាឧបាសក ដល់នូវព្រះរតនត្រ័យជាទីពឹង ស្មើដោយជីវិត តាំងពីថ្ងៃនេះជាដើមរៀងទៅ ។