អដ្ឋកថា នវកម្មិកសូត្រទី ៧
ក្បាលទី 20 · ទំព័រ 269
ក្នុងនវកម្មិកសូត្រទី ៧ មានវិនិច្ឆ័យដូចតទៅនេះ បទថា នវកម្មិកភារទ្វាជោ សេចក្តីថា បានឮថា ព្រាហ្មណ៍នោះឲ្យគេកាប់ឈើក្នុង ព្រៃ ដើម្បីធ្វើជាប្រាសាទ និងផ្ទះកំពូលក្នុងព្រៃនោះឯង ហើយយកមកលក់ ក្នុងនគរ ឈ្មោះថា នវកម្មិក ព្រោះអាស្រ័យនវកម្មចិញ្ចឹមជីវិត ដូចពោល ហើយ ដោយគោត្រ ឈ្មោះថា ភារទ្វាជៈ ហេតុនោះ ទើបឈ្មោះថា នវកម្មិកភារទ្វាជ ។ បទថា ទិស្វានស្ស ឯតទហោសិ សេចក្តីថា ព្រាហ្មណ៍ នោះ មានគំនិតដូច្នេះ ព្រោះឃើញព្រះមានព្រះភាគប្រថាប់គង់ បញ្ចេញ ឆព្វណ្ណរង្សី ។ បទថា វនស្មឹ បានដល់ ក្នុងដងព្រៃនេះ ។ បទថា ឧច្ឆិន្នមូលំ មេ វនំ សេចក្តីថា ព្រៃ គឺកិលេស តថាគតបានដកឫសគល់ អស់ហើយ ។ បទថា និព្វនថោ បានដល់ ប្រាសចាកព្រៃ គឺកិលេស ។ បទថា ឯកោ រមេ បានដល់ តថាគតត្រេកអរតែម្នាក់ឯងបុណ្ណោះ ។ បទថា អរតឹ វិប្បហាយ សេចក្តីថា លះបង់សេចក្តីភ័យខ្លាច ក្នុងការសេព សេនាសនៈដ៏ស្ងាត់ និងការចម្រើនភាវនា ។