កដ្ឋហារសូត្រទី ៨

ក្បាលទី 20 · ទំព័រ 270

សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងដងព្រៃមួយ ក្នុងដែនកោសល ។ សម័យនោះឯង មានពួកមាណពជាច្រើន ជាអ្នកនាំ ឧស ជាអន្តេវាសិក របស់ព្រាហ្មណ៍ភារទ្វាជគោត្តម្នាក់ នាំគ្នាចូលទៅកាន់ ដងព្រៃនោះ លុះចូលទៅដល់ហើយ ក៏បានឃើញព្រះមានព្រះភាគ ទ្រង់គង់ ក្នុងដងព្រៃនោះ ផ្គត់ព្រះភ្នែន តាំងព្រះកាយត្រង់ តម្កល់ព្រះស្មារតី ឆ្ពោះត្រង់ ទៅរកកម្មដ្ឋាន លុះឃើញហើយ ក៏ចូលទៅរក ភារទ្វាជគោត្តព្រាហ្មណ៍ លុះ ចូលទៅដល់ហើយ ក៏បានពោលនូវពាក្យនេះ នឹងភារទ្វាជគោត្តព្រាហ្មណ៍ថា សូមជម្រាបលោក សូមលោកដ៏ចម្រើន គប្បីជ្រាប ដ្បិតព្រះសមណគោតម គង់ក្នុងដងព្រៃឯណោះ ផ្គត់ព្រះភ្នែន តាំងព្រះកាយត្រង់ តម្កល់ព្រះស្មារតី ឆ្ពោះត្រង់ទៅរកកម្មដ្ឋាន ។ គ្រានោះ ភារទ្វាជគោត្តព្រាហ្មណ៍ ចូលទៅកាន់ដងព្រៃនោះ ជាមួយនឹងមាណពទាំងអម្បាលនោះ លុះចូលទៅដល់ហើយ បានឃើញព្រះមាន ព្រះភាគ ទ្រង់គង់ក្នុងដងព្រៃនោះ ផ្គត់ព្រះភ្នែន តាំងព្រះកាយត្រង់ តម្កល់ព្រះស្មារតី ឆ្ពោះត្រង់ទៅរកកម្មដ្ឋាន លុះឃើញហើយ ក៏ចូលទៅរក ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏បានពោលនឹងព្រះមានព្រះភាគ ដោយគាថាថា បពិត្រភិក្ខុ អ្នកចូលមករកព្រៃស្ងាត់ឥតមានមនុស្ស ជាព្រៃដ៏ ជ្រៅ គួរឲ្យខ្លាចច្រើន លោកមានកាយដ៏ល្អ ប្រកបដោយ ប្រយោជន៍ មិនបានញាប់ញ័រ ទើបចម្រើនឈានដ៏ល្អក្រៃពេក បាន ក្នុងព្រៃណាគ្មានចម្រៀង ឬក្នុងព្រៃណាគ្មានល្បែងប្រគំ ព្រះមុនីក៏អាស្រ័យនៅក្នុងព្រៃនោះ តែម្នាក់ឯង ព្រះមុនីមាន ចិត្តត្រេកអរ នៅក្នុងព្រៃម្នាក់ឯង ដោយហេតុណា ហេតុនេះ ជាការអស្ចារ្យ ប្រាកដដល់ខ្ញុំ ខ្ញុំកំពុងប្រាថ្នានូវត្រីទិព្វ គឺ ព្រហ្មលោកដ៏ប្រសើរ