អដ្ឋកថា សង្គរវសូត្រទី ១១

ក្បាលទី 20 · ទំព័រ 280

ព្រះមាន ព្រះភាគ ទ្រង់ទទួលដោយភាពស្ងៀម ។ លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់ស្បង់ប្រដាប់បាត្រចីវរក្នុងវេលាព្រឹក ហើយស្តេចចូលទៅកាន់លំនៅ របស់សង្គរវព្រាហ្មណ៍ លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែល ព្រាហ្មណ៍ក្រាលថ្វាយ ។ លំដាប់នោះឯង សង្គរវព្រាហ្មណ៍ ចូលទៅគាល់ព្រះមាន ព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមាន ព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររពឫកហើយ ក៏ អង្គុយក្នុងទីសមគួរ ។ លុះសង្គរវព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ ទើប ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលព្រាហ្មណ៍ បានឮថា អ្នកមាន សេចក្តីសម្គាល់ថា ទឹកជារបស់បរិសុទ្ធ តែងប្រាថ្នាការបរិសុទ្ធិដោយទឹក ប្រកប សេចក្តីព្យាយាមចុះទឹករឿយៗ ក្នុងវេលាល្ងាចព្រឹកមែនឬ ។ បពិត្រព្រះគោតម ដ៏ចម្រើនមែនហើយ ។ ម្នាលព្រាហ្មណ៍ ចុះអ្នកឯង យល់ឃើញអំណាច ប្រយោជន៍ដូចម្តេច បានជាសម្គាល់ថា ទឹកជារបស់បរិសុទ្ធ ប្រាថ្នាការបរិសុទ្ធិ ដោយទឹក ប្រកបសេចក្តីព្យាយាមចុះទឹករឿយៗ ក្នុងវេលាល្ងាចព្រឹក ។ បពិត្រ ព្រះគោតមដ៏ចម្រើន ក្នុងទីនេះ បាបកម្មណាដែលខ្ញុំព្រះអង្គបានធ្វើហើយ ក្នុង វេលាថ្ងៃ ខ្ញុំព្រះអង្គបន្សាត់បង់នូវបាបកម្មនោះ ដោយការងូតទឹកក្នុងវេលាល្ងាច បាបកម្មណា ដែលខ្ញុំព្រះអង្គបានធ្វើហើយ ក្នុងវេលាយប់ ខ្ញុំព្រះអង្គក៏បន្សាត់ បង់នូវបាបកម្មនោះ ដោយការងូតទឹក ក្នុងវេលាព្រឹក បពិត្រព្រះគោតមដ៏ ចម្រើន ខ្ញុំព្រះអង្គឃើញច្បាស់ នូវអំណាចប្រយោជន៍នេះឯង បានជាសម្គាល់ ថា ទឹកជារបស់បរិសុទ្ធ ប្រាថ្នាការបរិសុទ្ធិដោយទឹក ប្រកបសេចក្តីព្យាយាម ចុះទឹករឿយៗ ក្នុងវេលាល្ងាចព្រឹក ។