ខោមទុស្សសូត្រទី ១២
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងនិគមឈ្មោះខោមទុស្សៈ របស់ពួកសក្យៈ ក្នុងដែនសក្កៈ ។ គ្រា នោះឯង ព្រះមានព្រះភាគ ទ្រង់ស្បង់ប្រដាប់បាត្រចីវរក្នុងវេលាព្រឹក ហើយ ចូលទៅកាន់ខោមទុស្សនិគម ដើម្បីបិណ្ឌបាត ។ សម័យនោះឯង ពួកព្រាហ្មណ៍ និងគហបតី អ្នកខោមទុស្សនិគម បានប្រជុំគ្នាក្នុងរោង ដោយកិច្ចនីមួយ ។ ចួនជាភ្លៀងក៏ស្រក់ចុះមកមួយតំណក់ៗ ។ លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់យាងទៅជ្រកក្នុងរោងនោះ ។ ពួកព្រាហ្មណ៍ និងគហបតីអ្នកខោមទុស្សនិគម បានឃើញព្រះមានព្រះភាគ យាងមកអំពីចម្ងាយ លុះឃើញហើយ ក៏ ទូលសួរយ៉ាងនេះថា ពួកជនត្រងោលបែបណា ឈ្មោះថា អ្នកស្ងប់រម្ងាប់ ពួកជនបែបណា នឹងដឹងនូវសភាធម៌ ។ លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ចំពោះពួក ព្រាហ្មណ៍ និងគហបតី អ្នកខោមទុស្សនិគមដោយគាថាថា ពួកសប្បុរស មិនមានក្នុងទីណា ទីនោះ មិនឈ្មោះថាទីប្រជុំ ឡើយ ជនទាំងឡាយណា មិនពោលធម៌ ជនទាំងនោះ មិន ឈ្មោះថា សប្បុរស ( អ្នកស្ងប់រម្ងាប់ ) ទេ លុះតែពួកជនលះបង់ រាគៈ ទោសៈ មោហៈ ទាំងពោលនូវធម៌ផង ទើបឈ្មោះ ថា សប្បុរស ( ពួកជនបែបនេះ នឹងដឹងនូវសភាធម៌ ) ។ កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ពួក ព្រាហ្មណ៍ និងគហបតី អ្នកខោមទុស្សនិគម បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន ច្បាស់ពេកណាស់ បពិត្រព្រះគោតម ដ៏ចម្រើន ច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចម្រើន ធម៌ដែលព្រះគោតម ដ៏ចម្រើន ទ្រង់សម្តែងដោយអនេកបរិយាយ ដូចជាមនុស្សផ្ងារវត្ថុដែលផ្កាប់ ឬបើកបង្ញាញវត្ថុដែលកំបាំង ឬក៏ប្រាប់ផ្លូវដល់អ្នកវង្វេងទិស ពុំនោះសោត ដូចជា មនុស្សកាន់ប្រទីបប្រេងទ្រោលបំភ្លឺ