អដ្ឋកថា ខោមទុស្សសូត្រទី ១២
ក្នុងខោមទុស្សសូត្រទី ១២ មានវិនិច្ឆ័យដូចតទៅនេះ បទថា ខោមទុស្សន្នាម បានដល់ និគមដែលមានឈ្មោះយ៉ាងនេះ ព្រោះមានសំពត់ សូត្រច្រើន ។ បទថា សភាយំ បានដល់ ក្នុងរោង ។ បទថា ផុសាយតិ សេចក្តីថា ស្រក់តំណក់ទឹក គឺធ្លាក់ បានឮថា ព្រះសាស្តាមានបំណងនឹង ចូលទៅកាន់រោងនោះ ទ្រង់ព្រះតម្រិះថា កាលតថាគតចូលទៅដោយអាការ យ៉ាងនេះ នឹងមិនមានភាពងាយស្រួល ព្រោះហេតុនោះ តថាគតអាស្រ័យ ហេតុណានីមួយ ហើយនឹងចូលទៅ ដូច្នេះហើយ ទ្រង់បណ្តាលឲ្យមាន ភ្លៀងធ្លាក់ ដោយការអធិដ្ឋាន ។ បទថា សភាធម្មំ សេចក្តីថា បានឮថា ការមិនធ្វើជនដែលអង្គុយយ៉ាងសប្បាយ ឲ្យក្រោកឡើង ហើយចូលទៅម្ខាង និងការមិនធ្វើមហាជនឲ្យចូលទៅត្រង់ៗ នោះឯង ឈ្មោះថា សភាធម៌របស់ ព្រាហ្មណ៍ និងគហបតីទាំងនោះ ។ ព្រះមានព្រះភាគទ្រង់យាងត្រង់ទៅនុ៎ះឯង ។ ព្រោះហេតុនោះ ទើបព្រាហ្មណ៍ និងគហបតីទាំងនោះក្រោធខឹង ពោលចំអក ព្រះមានព្រះភាគថា ពួកជនណា ជាសមណៈត្រងោល និងពួកជនណា នឹងដឹង នូវសភាធម៌ ។ បទថា សន្តោ បានដល់ បណ្ឌិត គឺសប្បុរស ។ បទថា បហាយ សេចក្តីថា ជនដែលលះបង់រាគៈទាំងនោះជាដើម ពោលធម៌ដើម្បី កម្ចាត់បង់រាគៈជាដើម ឈ្មោះថា សប្បុរស ។ អដ្ឋកថាខោមទុស្សសូត្រ ចប់ ឧបសកវគ្គទី ២ ចប់ ព្រាហ្មណសំយុត្ត ចប់