និក្ខន្តសូត្រទី ១

ក្បាលទី 20 · ទំព័រ 287

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះវង្គីសៈមានអាយុ នៅក្នុងអគ្គាឡវចេតិយ ទៀបក្រុងអាឡវី ជាមួយនឹងឧបជ្ឈាយ៍ឈ្មោះនិគ្រោធកប្បៈមានអាយុ ។ ក៏សម័យនោះឯង ព្រះវង្គីសៈមានអាយុ ជាភិក្ខុថ្មី បួស មិនយូរប៉ុន្មាន នៅជាភិក្ខុតូចទាប ជាអ្នករក្សាវិហារ ។ គ្រានោះឯង ពួកស្រីច្រើននាក់តាក់តែងខ្លួន ចូលទៅកាន់ អារាម មៀងមើលវិហារ ។ គ្រានោះ ព្រះវង្គីសៈមានអាយុ បានឃើញនូវ ស្រីទាំងនោះហើយ ក៏កើតសេចក្តីអផ្សុក រាគៈក៏ញ៉ាំងកុសលចិត្តឲ្យវិនាស ។ ទើបព្រះវង្គីសៈមានអាយុ មានសេចក្តីត្រិះរិះថា អើហ្ន៎ អាត្មាអញ ពេញជា មិនមានលាភ អើហ្ន៎ លាភមិនមានដល់អាត្មាអញឡើយ អើហ្ន៎ អត្តភាពជា មនុស្ស អាត្មាអញបានដោយអាក្រក់ អើហ្ន៎ អត្តភាពជាមនុស្ស អាត្មាអញ មិនបានដោយល្អទេ ព្រោះសេចក្តីអផ្សុក កើតឡើងដល់អាត្មាអញ រាគៈក៏ ញ៉ាំងកុសលចិត្តឲ្យវិនាស ជនទាំងឡាយដទៃ គប្បីបន្ទោបង់សេចក្តីអផ្សុក របស់អាត្មាអញ ហើយធ្វើសេចក្តីត្រេកអរឲ្យកើតឡើង ដោយហេតុណា ហេតុ នោះ អាត្មាអញ គប្បីបានជនទាំងនោះអំពីទីណា បើដូច្នោះ មានតែអាត្មាអញ បន្ទោបង់នូវសេចក្តីអផ្សុករបស់ខ្លួនដោយខ្លួនឯងចុះ ហើយធ្វើសេចក្តី ត្រេកអរឲ្យកើតឡើង ។ លំដាប់នោះឯង ព្រះវង្គីសៈមានអាយុ ក៏បន្ទោបង់សេចក្តី អផ្សុករបស់ខ្លួន ដោយខ្លួនឯង ហើយធ្វើសេចក្តីត្រេកអរ ឲ្យកើតឡើង រួច ពោលគាថាទាំងឡាយនេះ ក្នុងពេលនោះថា វិតក្កទាំងឡាយនេះ ជាសភាវៈឃ្នើសឃ្នង តែងស្ទុះមកអំពី មារ គ្របសង្កត់អាត្មាអញ ដែលចេញអំពីផ្ទះ ចូលមកកាន់ ផ្នួស ពួកខ្មាន់ធ្នូជាបុត្តនៃជន អ្នកខ្ពង់ខ្ពស់ បានសិក្សាហើយ មានធ្នូដ៏មាំ គប្បីបាញ់បាចសាច ដោយជុំវិញ ចំពោះសត្វ ទាំងពាន់ កុំឲ្យរត់ទៅរួច ទោះបីពួកស្ត្រីមកច្