អរតិសូត្រទី ២

ក្បាលទី 20 · ទំព័រ 292

សម័យមួយ ព្រះវង្គីសៈមានអាយុ គង់នៅក្នុងអគ្គាឡវចេតិយ ទៀបក្រុងអាឡវី ជាមួយនឹងឧបជ្ឈាយ៍ ឈ្មោះនិគ្រោធកប្បៈមានអាយុ ។ សម័យនោះឯង ព្រះនិគ្រោធកប្បៈមានអាយុ ត្រឡប់មកអំពីបិណ្ឌបាត ក្នុង វេលាក្រោយភត្ត ក៏ចូលទៅកាន់វិហារ ចេញ ( អំពីវិហារទៅវិញ ) ក្នុងវេលា ល្ងាច ឬក្នុងកាលថ្ងៃស្អែកឡើង ។ សម័យនោះឯង សេចក្តីអផ្សុក កើតមានដល់ព្រះវង្គីសៈ មានអាយុ ទាំងរាគៈក៏ញ៉ាំងកុសលចិត្តឲ្យវិនាស ។ ព្រះវង្គីសៈមានអាយុ មានសេចក្តីត្រិះរិះយ៉ាងនេះថា អើហ្ន៎ អាត្មាអញ ពេញជាមិនមានលាភ អើហ្ន៎ លាភមិនមានដល់អាត្មាអញឡើយ អើហ្ន៎ អត្តភាពជាមនុស្ស អាត្មាអញ បានដោយអាក្រក់ អើហ្ន៎ អត្តភាពជាមនុស្ស អាត្មាអញមិនបានដោយល្អទេ ព្រោះថា សេចក្តីអផ្សុក កើតឡើងដល់អាត្មាអញ រាគៈក៏ញ៉ាំងកុសលចិត្ត ឲ្យ វិនាស ពួកជនដទៃគប្បីបន្ទោបង់ សេចក្តីអផ្សុករបស់អាត្មាអញ ហើយធ្វើ សេចក្តីត្រេកអរ ឲ្យកើតឡើងដោយហេតុណា ហេតុនោះ អាត្មាអញគប្បី បានជនទាំងនោះអំពីទីណា ក្នុងរាគៈនេះ បើដូច្នោះ មានតែអាត្មាអញបន្ទោបង់ នូវសេចក្តីអផ្សុករបស់ខ្លួន ដោយខ្លួនឯង ហើយធ្វើសេចក្តីត្រេកអរឲ្យ កើតឡើង ។ លំដាប់នោះឯង ព្រះវង្គីសៈមានអាយុ ក៏បន្ទោបង់សេចក្តី អផ្សុករបស់ខ្លួន ដោយខ្លួនឯង ហើយធ្វើសេចក្តីត្រេកអរ ឲ្យកើតឡើង រួច ពោលគាថាទាំងឡាយនេះ ក្នុងវេលានោះថា ភិក្ខុណាលះបង់ នូវសេចក្តីមិនត្រេកអរផង នូវសេចក្តីត្រេកអរ ផង នូវវិតក្កដែលអាស្រ័យនូវផ្ទះ គឺកាមគុណផង ដោយ ប្រការទាំងពួងហើយ មិនធ្វើនូវព្រៃធំ គឺកិលេស ក្នុងអារម្មណ៍ ណាមួយឡើង ភិក្ខុនោះ ឈ្មោះថា មិនមានព្រៃធំ គឺកិលេស ជាអ្នកប្រាសចាកតណ្ហា របស់អ្វីមួយក្នុងលោកនេះ ដែលមាន រូបឋិតលើផែនដីក្តី ដែលឋិតលើអាក