អានន្ទសូត្រទី ៤
សម័យមួយ ព្រះអានន្ទមានអាយុ គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ គ្រានោះឯង ព្រះអានន្ទមាន អាយុ ស្លៀកស្បង់ប្រដាប់បាត្រនិងចីវរ ក្នុងវេលាព្រឹកព្រហាម ចូលទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថី មានព្រះវង្គីសៈមានអាយុ ជាបច្ឆាសមណៈ ។ សម័យ នោះ សេចក្តីអផ្សុកក៏កើតឡើង ដល់ព្រះវង្គីសៈមានអាយុ ទាំងរាគៈក៏ធ្វើ កុសលចិត្តឲ្យវិនាស ។ ទើបព្រះវង្គីសៈមានអាយុ បានពោលនឹងព្រះអានន្ទមាន អាយុ ដោយគាថាថា បពិត្រលោក ជាគោតមគោត្រ ខ្ញុំក្តៅដោយកាមរាគៈ ចិត្ត របស់ខ្ញុំ ក្តៅក្រហាយណាស់ សូមលោកមេត្តាសម្តែងធម៌ជា គ្រឿងរលត់រាគៈ ដោយសេចក្តីអនុគ្រោះឲ្យទាន ។ ព្រះអានន្ទពោលថា ចិត្តរបស់លោកក្តៅក្រហាយ ព្រោះសេចក្តីប្រែប្រួលនៃសញ្ញា លោកចូរវៀរនូវនិមិត្តល្អ ដែលប្រកបដោយរាគៈចេញ ហើយពិចារណាសង្ខារទាំងឡាយ ថាជារបស់ដទៃ ថាជាទុក្ខ កុំពិចារណាថាជារបស់ខ្លួន ឡើយ ចូរធ្វើរាគៈដ៏ធំឲ្យរលត់បាត់ទៅ កុំមានសេចក្តីក្តៅក្រហាយ រឿយៗ ឡើយ លោកចូរចម្រើននូវចិត្ត ឲ្យមាន អារម្មណ៍តែមួយ ឲ្យតាំងនៅដោយប្រពៃ ដោយអសុភារម្មណ៍ កាយគតាសតិ ចូរមានដល់លោក លោកចូរជាអ្នក មានសេចក្តីនឿយណាយច្រើន ចូរចម្រើននូវអនិមិត្ត គឺ វិបស្សនា ដកនូវមានានុស័យចេញ ហើយជាអ្នកមានចិត្ត ស្ងប់រម្ងាប់ប្រព្រឹត្ត នៅដោយការយល់ច្បាស់នូវមានះនោះ ។