បវារណាសូត្រទី ៧
សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងប្រាសាទនៃ មិគារមាតា ឈ្មោះបុព្វារាម ទៀបក្រុងសាវត្ថី ជាមួយនឹងភិក្ខុសង្ឃច្រើន គឺ ភិក្ខុប្រមាណ ៥០០ រូប សុទ្ធតែជាព្រះអរហន្ត ។ ក៏ក្នុងសម័យនោះឯង ព្រះមានព្រះភាគ មានព្រះភិក្ខុសង្ឃ គាល់ត្រៀបត្រា គង់ក្នុងទីវាល ក្នុងថ្ងៃ បណ្ណរសីបវារណា ជាថ្ងៃឧបោសថនោះ ។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ឆ្មៀងព្រះនេត្រទតឃើញភិក្ខុសង្ឃ ដែលនៅស្ងៀមហើយ ត្រាស់ហៅភិក្ខុ ទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ណ្ហើយចុះ ឥឡូវនេះ តថាគតបវារណា ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ មិនតិះដៀលនូវកម្មតិចតួច ដែល ប្រព្រឹត្តទៅក្នុងកាយទ្វារ ឬវចីទ្វារ របស់តថាគតទេឬ ។ កាលព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ ព្រះសារីបុត្ត មានអាយុក៏ក្រោកចាកអាសនៈ ធ្វើឧត្តរាសង្គឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ឆ្ពោះទៅរកព្រះមានព្រះភាគ ក្រាបទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គ ដ៏ចម្រើន យើងខ្ញុំព្រះអង្គមិនបានតិះដៀលនូវកម្មតិចតួច ដែលប្រព្រឹត្តក្នុង កាយទ្វារ ឬវចីទ្វារ របស់ព្រះមានព្រះភាគទេ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះថា ព្រះមានព្រះភាគ ជាអ្នកបង្កើតផ្លូវដែលមិនទាន់កើត ឲ្យស្គាល់ផ្លូវ ដែល មិនទាន់ស្គាល់ ប្រាប់ផ្លូវដែលមិនទាន់ប្រាប់ ទ្រង់ដឹងនូវផ្លូវ ជ្រាបច្បាស់នូវផ្លូវ ឈ្លាសវៃក្នុងផ្លូវ បពិត្រព្រះអង្គដ៏ចម្រើន ពួកសាវ័កក្នុងកាលឥឡូវនេះ តែង ដើរទៅតាមផ្លូវ ដើរតាមក្រោយ បពិត្រព្រះអង្គដ៏ចម្រើន ចំណែកខ្ញុំព្រះអង្គ សូមបវារណាចំពោះព្រះមានព្រះភាគ ព្រះមានព្រះភាគ មិនទ្រង់តិះដៀលនូវ