អដ្ឋកថា បវារណាសូត្រទី ៧
ក្នុងបវារណាសូត្រទី ៧ មានវិនិច្ឆ័យដូចតទៅនេះ បទថា តទហុ កាត់បទជា តស្មឹ អហុ សេចក្តីថា ក្នុងថ្ងៃនោះ ។ ឈ្មោះថា ឧបេសថ ព្រោះជាទីចូលទៅរក្សា ។ ពាក្យថា ឧបវសន្តិ ( ចូលទៅរក្សា ) សេចក្តីថា ជាអ្នកនៅជាប្រចាំដោយសីល ឬដោយការអត់បាយ ។ ថ្ងៃឧបោសថនេះ មាន ៣ យ៉ាង ដោយចែកជាថ្ងៃ ៨ ថ្ងៃ ១៤ និងថ្ងៃ ១៥ ព្រោះហេតុនោះ ដើម្បីនឹងហាមថ្ងៃទាំង ២ ដ៏សេស ទើបពោលថា បណ្ណរសេ ។ បទថា បវារណាយ បានដល់ ចេញវស្សា បវារណាហើយ ។ សូម្បីបទថា វិសុទ្ធិបវារណា ដូច្នេះ ក៏ជាឈ្មោះរបស់បវារណានោះ ។ បទថា និសិន្នោ ហោតិ សេចក្តីថា ក្នុងវេលាល្ងាច ព្រះមានព្រះភាគទ្រង់សម្តែងធម៌ដ៏សមគួរ ដល់កាល ដល់បរិស័ទអ្នកមកប្រជុំគ្នា ទ្រង់ស្រង់ព្រះវរកាយក្នុងបន្ទប់ទឹក ទ្រង់ស្លៀកដណ្តប់ ធ្វើសុគតមហាចីវរឆៀងស្មាម្ខាង ប្រថាប់គង់ទតសិរីនៃ មណ្ឌលព្រះចន្រ្ទ ដែលតាំងឡើងក្នុងទិសខាងកើត លើបវរពុទ្ធាសនៈ ដែល គេក្រាលផ្ហែកសសរកណ្តាល ។ បទថា តុណ្ហីភូតំ សេចក្តីថា ជាអ្នក អង្គុយស្ងៀមក្នុងទិសនោះ ដែលទ្រង់ឆ្មៀងព្រះនេត្រមើល ។ ក្នុងពួកភិក្ខុទាំងនោះ សូម្បីតែមួយអង្គ ក៏មិនមានការរពឹសដៃ រពឹសជើងឡើយ ភិក្ខុទាំងអស់ ស្ងាត់សំឡេង អង្គុយដោយឥរិយាបថដ៏ស្ងប់ ។ បទថា អនុវិលោកេត្វា សេចក្តីថា ទ្រង់ឆ្មៀងព្រះនេត្រដែលមានប្រសាទទាំង ៥ ប្រាកដទតមើល ។ សព្ទថា ហន្ទ ជានិបាត ចុះក្នុងអត្ថ នៃឧបសគ្គ ។ ន អក្ខរៈ ក្នុងបទថា ន ច មេ កិញ្ចិ គរហថ នេះ ចុះក្នុងអត្ថនៃពាក្យសួរថា ន ច កិញ្ចិ ដូច្នេះ ។