បរោសហស្សសូត្រទី ៨
សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ជាមួយនឹងភិក្ខុសង្ឃច្រើន គឺភិក្ខុ ចំនួន ១២៥០ រូប ។ ក៏ក្នុងសម័យនោះឯង ព្រះមានព្រះភាគ ទ្រង់ពន្យល់ពួកភិក្ខុ ឲ្យឃើញច្បាស់ ឲ្យកាន់យកតាម ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា ដែលជាប់ទាក់ទងដោយព្រះនិព្វាន ។ ភិក្ខុទាំងនោះ ក៏ធ្វើឲ្យជាប្រយោជន៍ ធ្វើទុកក្នុងចិត្ត ប្រមូលមកនូវចិត្តទាំងអស់ ផ្ទៀងត្រចៀកស្តាប់ធម៌ ។ លំដាប់នោះឯង ព្រះវង្គីសៈមានអាយុ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ព្រះមានព្រះភាគនេះ ទ្រង់ពន្យល់ពួកភិក្ខុ ឲ្យឃើញច្បាស់ ឲ្យ កាន់យកតាម ឲ្យអាចហាន ឲ្យរីករាយដោយធម្មីកថា ដែលជាប់ទាក់ទងដោយ ព្រះនិព្វាន ។ ភិក្ខុទាំងនោះ ក៏ធ្វើឲ្យជាប្រយោជន៍ ធ្វើទុកក្នុងចិត្ត ប្រមូលមក នូវចិត្តទាំងអស់ ផ្ទៀងត្រចៀកស្តាប់ធម៌ បើដូច្នោះ មានតែអាត្មាអញ ពោល សរសើរព្រះមានព្រះភាគ ដោយគាថាទាំងឡាយដ៏សមគួរ ក្នុងទីចំពោះ ព្រះភក្ត្រ ។ លំដាប់នោះឯង ព្រះវង្គីសៈមានអាយុ ក្រោកចាកអាសនៈ ធ្វើ ឧត្តរាសង្គឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ឆ្ពោះទៅរកព្រះមានព្រះភាគ ក្រាប ទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គសូមសម្តែង ធម៌ បពិត្រព្រះសុគត ខ្ញុំព្រះអង្គសូមសម្តែងធម៌ ។ ព្រះមានព្រះភាគ ទ្រង់ ត្រាស់ថា ម្នាលវង្គីសៈ ចូរអ្នកសម្តែងធម៌ចុះ ។ លំដាប់នោះឯង ព្រះវង្គីសៈមានអាយុ បានពោលសរសើរ ព្រះមានព្រះភាគ ដោយគាថាទាំងឡាយដ៏សមគួរ ក្នុងទីចំពោះព្រះភក្ត្រថា