វង្គីសសូត្រទី ១២
សម័យមួយ ព្រះវង្គីសៈមានអាយុ នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ ក៏សម័យនោះឯង ព្រះវង្គីសៈ មានអាយុ ទើបតែនឹងបានសម្រេចព្រះអរហត្តថ្មីៗ សោយវិមុត្តិសុខ ហើយ ពោលគាថាទាំងនេះ ក្នុងពេលនោះថា ក្នុងកាលមុន យើងជាអ្នកស្រវឹងដោយកាព្យឃ្លោង ចេញពី ស្រុកមួយ ត្រាច់ទៅស្រុកមួយ ចេញពីបុរីមួយ ត្រាច់ទៅបុរី មួយ ក៏ស្រាប់តែយើងបានឃើញព្រះសម្ពុទ្ធ សទ្ធារបស់យើង ក៏កើតឡើង ព្រះអង្គទ្រង់សម្តែងធម៌ គឺខន្ធ អាយតនៈ និង ធាតុដល់យើង យើងបានស្តាប់ធម៌របស់ព្រះអង្គហើយ ក៏ចូលមកកាន់ ផ្នួស អើហ្ន៎ ព្រះមុនីបានដល់នូវការត្រាស់ដឹង ដើម្បី ប្រយោជន៍ដល់ភិក្ខុ និងភិក្ខុនីជាច្រើន ដែលដល់នូវផ្លូវ ទាំង ឃើញផ្លូវ គឺអរិយមគ្គ ដំណើរដែលអាត្មាអញបាន មកកាន់ សម្នាក់ព្រះពុទ្ធ នេះជាដំណើរល្អ វិជ្ជា ៣ អាត្មាអញបានដល់ ហើយ សាសនារបស់ព្រះពុទ្ធ អាត្មាអញបានធ្វើហើយ អាត្មាអញ ដឹងនូវបុព្វេនិវាស ចក្ខុជាទិព្វ អាត្មាអញបានជម្រះស្អាត ហើយ អាត្មាអញបានវិជ្ជា ៣ សម្រេចនូវឥទ្ធិវិធញ្ញាណ ឈ្លាសវៃ ក្នុងការកំណត់ចិត្ត ( នៃជនដទៃដោយចិត្តរបស់ខ្លួន ) បាន ។ វង្គីសសំយុត្ត ចប់ ឧទ្ទាននៃវង្គីសសំយុត្តនោះ គឺ និក្ខន្តសូត្រ ១ អរតិសូត្រ ១ បេសលាតិមញ្ញនាសូត្រ ១ អានន្ទសូត្រ ១ សុភាសិតសូត្រ ១ សារីបុត្តសូត្រ ១ បវារណាសូត្រ ១ បរោសហស្សសូត្រ ១ កោណ្ឌញ្ញសូត្រ ១ មោគ្គល្លានសូត្រ ១ គគ្គរាសូត្រ ១ វង្គីសសូត្រ ១ ត្រូវជា ១២ ។